យោងតាមមន្ត្រី និងអ្នកវិភាគអាមេរិក បានឲ្យដឹងថា ក្រុមយានដ្រូនអត្តឃាតទី១ របស់មន្ទីរបញ្ចកោណបានត្រៀមរួចរាល់ហើយ ដើម្បីចូលរួម ប្រសិនបើប្រធានាធិបតីអាមេរិក លោក Donald Trump សម្រេចបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

ក្រុមយានដ្រូននេះ ត្រូវបានគេស្គាល់ថា ជាកងកម្លាំងពិសេស Task Force Scorpion និងបានវិវត្តចេញពីអង្គភាពយានដ្រូនពិសោធន៍របស់យោធាអាមេរិក។ ហើយបើយោងតាមអ្នកនាំពាក្យនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) គឺលោកកាពីតែន Tim Hawkins បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយថា ឥឡូវនេះ ក្រុមនេះបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការមានប្រតិបត្តិការ។
លោកបានបញ្ជាក់ថា៖ «យើងបានបង្កើតក្រុមនេះ កាលពីឆ្នាំមុន ដើម្បីបំពាក់ដល់ទាហានរបស់យើងយ៉ាងលឿនរហ័សនូវសមត្ថភាពយានដ្រូនប្រយុទ្ធថ្មី ដែលបន្តការវិវត្តកាន់តែប្រសើរឡើង»។
ក្រុមយានដ្រូនដែលវាយប្រហារគោលដៅ ហើយកម្ទេចខ្លួនឯងនេះ ឥឡូវនេះគឺជាផ្នែកមួយនៃការបង្កើនកងកម្លាំងយោធាអាមេរិកដ៏ធំបំផុតជាលើកដំបូង ក្នុងតំបន់ គិតចាប់តាំងពីការលុកលុយចូលអ៊ីរ៉ាក់ឆ្នាំ២០០៣ ជាដំណើរការដែលត្រូវបានចេញបញ្ជាដោយលោក Trump ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យចូលទៅកាន់តុចរចា ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តធ្វើនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ភាគីទាំង២ មានវឌ្ឍនភាពល្អប្រសើរ ហើយការចរចាជុំថ្មី អាចកើតឡើង «ឆាប់ៗនេះ» ដែលអាច «ប្រហែលមួយសប្តាហ៍» ទៀត៕
