UN៖ រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចង្អុលដាក់គ្នាទៅវិញទៅមក នៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ជុំវិញលទ្ធភាពនៃការវាយប្រហារដោយប្រើអាវុធគីមីនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែគ្មានភាគីណាមួយអាចរកអំណះអំណាងបញ្ជាក់ពីការចោទប្រកាន់ដាក់គ្នាទៅវិញទៅមករបស់ខ្លួនបានទេ។
ការអត្ថាធិប្បាយទាំងនោះត្រូវបានធ្វើឡើង ដោយក្រុមអ្នកការទូតថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីប្រទេស រុស្ស៊ីបានលើកឡើងពីបញ្ហាមួយចំនួន នៃការលិចធ្លាយសារធាតុគីមីឤម៉ូញ៉ាក់នៅក្នុងទីក្រុង Sumy របស់អ៊ុយក្រែនភាគខាងជើងដែលរងការហ៊ុមព័ទ្ធ ដោយស្ដីបន្ទោសក្រុមអ្នកជាតិនិយមជ្រុលអ៊ុយក្រែន អំឡុងកិច្ចប្រជុំបិទទ្វារនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការចោទប្រកាន់នេះត្រូវបានសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសទាត់ចោល។
ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បាននិយាយថា ទាហានរុស្ស៊ីពុំធ្លាប់មានគម្រោង ឬបើកការវាយប្រហារដាក់គោលដៅលើអគារទាំងឡាយរបស់អ៊ុយក្រែន ដែលជាទីកន្លែងសម្រាប់ស្តុក ឬផលិតសារធាតុគីមីពុលនោះទេ។ លោក Polyanskiy និយាយថា វាច្បាស់ណាស់ថា ក្រុមអាជ្ញាធរជាតិនិយមអ៊ុយក្រែនដែលត្រូវបានលើកទឹកចិត្តដោយបណ្ដាប្រទេសលោកខាងលិចនោះ នឹងងាកទៅរកមធ្យោបាយបំភិតបំភ័យពលរដ្ឋខ្លួនឯង និងបង្កើតឈុតឆាកវាយប្រហារក្លែងក្លាយដើម្បីចោទប្រកាន់រុស្ស៊ី៕
អត្ថបទ៖ សុខមាន