រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Kristof Szalay-Bobrovniczky បាននិយាយថា ក្រសួងការពារជាតិហុងគ្រី បានចាត់វិធានការបន្ថែម ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនពីការវាយប្រហារដែលអាចកើតមានដោយអ៊ុយក្រែន ដោយបញ្ជូនអង្គភាពឧទ្ធម្ភាគចក្រទៅកាន់ព្រំដែន។

រដ្ឋមន្ត្រីរូបនេះ បានថ្លែងថា៖«ក្រុមឧទ្ធម្ភាគចក្រនៅតំបន់ភាគខាងកើតនៃប្រទេសនេះ ត្រូវបានបង្កើនទ្វេ ដង។ បេសកកម្មរបស់ពួកគេ គឺដើម្បីទប់ទល់នឹងការវាយប្រហារដោយយានដ្រូន ដែលអាចចូលទៅក្នុងដែនអាកាសរបស់ប្រទេសហុងគ្រី ដែលផ្លាស់ទីយឺតពេក ឬទាបពេក មិនអាចត្រូវបានកម្ចាត់ដោយប្រព័ន្ធការពារផ្លូវអាកាស ដែលកំពុងបំពេញកាតព្វកិច្ចនោះ»។
លោកបានបន្ថែមថា អង្គភាពយោធាដែលការពារហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ នឹងត្រូវបានផ្តល់ឧបករណ៍សង្គ្រាមអេឡិចត្រូនិច ក្នុងបរិមាណគ្រប់គ្រាន់។
តាមសំណើរបស់ក្រសួងថាមពលរបស់ប្រទេសនេះ បញ្ជីនៃទីតាំងថាមពលសំខាន់ៗចំនួន ២០ ដែលត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយយោធា ត្រូវបានចងក្រង។ កងទ័ពនឹងត្រូវដាក់ពង្រាយនៅទីនោះ នៅថ្ងៃសុក្រនេះ។
លោកនាយករដ្ឋមន្ត្រី Viktor Orban បានថ្លែងកាលពីដើមសប្តាហ៍នេះថា ប្រទេសហុងគ្រី នឹងពង្រឹងការការពារកន្លែងថាមពលសំខាន់ៗរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការបំផ្លាញ សន្តិសុខថាមពលរបស់ខ្លួន៕
