មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ស្ថាប័ន បានអនុម័តប្រាក់កម្ចីរយៈពេល ៤ឆ្នាំចំនួន ៨,១ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ុយក្រែន ដែលក្នុងនោះ ១,៥ពាន់លានដុល្លារនឹងត្រូវផ្តល់ឲ្យភ្លាមៗ។
IMF បានបញ្ជាក់ថា ការរៀបចំមូលនិធិបន្ថែមថ្មី សម្រាប់អ៊ុយក្រែនេះ នឹងជួយគាំទ្រកញ្ចប់ជំនួយអន្តរជាតិចំនួន ១៣៦,៥ពាន់លានដុល្លារ សម្រាប់ប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមមួយនេះ ដែលសប្តាហ៍នេះបានប្រារព្ធខួប ៤ឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។
IMF បានបន្ថែមថា ប្រាក់កម្ចីថ្មីនេះ ជំនួសកម្មវិធីចំនួន ១៥,៥ពាន់លានដុល្លារដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០២៣ ហើយនឹងជួយទីក្រុងគីវឲ្យរក្សាស្ថិរភាពសេដ្ឋកិច្ច និងបន្តធ្វើឲ្យការចំណាយសាធារណៈនៅតែមានលំហូរ។
នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយថា ប្រាក់កម្ចីនេះនឹងដោះស្រាយតុល្យភាពនៃបញ្ហាទូទាត់របស់អ៊ុយក្រែន និងស្តារលទ្ធភាពខាងក្រៅរយៈពេលមធ្យម ខណៈពេលដែលជំរុញដល់ទស្សនវិស័យការកសាងឡើងវិញ និងកំណើនសេដ្ឋកិច្ច បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ហើយជួយសម្រួលដល់ដំណើរការរបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប៕



