មេដឹកនាំអភិរក្សនិយមកាណាដា លោក Pierre Poilievre បាននិយាយថា ប្រទេសចិនមិនអាចជំនួសសហរដ្ឋអាមេរិកបានទេ ដោយបានស្តីបន្ទោសកិច្ចប្រឹងប្រែងមានចំណងទាក់ទងថ្មីៗនេះរបស់នាយករដ្ឋមន្ត្រី លោក Mark Carney ជាមួយមហាអំណាចអាស៊ី ស្របពេលពេលមានទំនាក់ទំនងតានតឹងជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។
ក្នុងសុន្ទរកថាទៅកាន់ថ្នាក់ដឹកនាំធុរកិច្ច កាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក Poilievre បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់លោក សម្រាប់ទំនាក់ទំនងរបស់ប្រទេសជាមួយសហរដ្ឋអាមេរិក និងរបៀបដែលគណបក្សរបស់លោក នឹងដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលផ្ទុយពីរដ្ឋាភិបាលរបស់លោក Carney។

នៅឯក្លឹបសេដ្ឋកិច្ចកាណាដា ក្នុងទីក្រុង Toronto លោក Poilievre បាននិយាយថា៖ «វិបុលភាព និងសន្តិសុខរបស់ប្រទេសកាណាដា គឺមិនអាចបំបែកចេញពីទំនាក់ទំនងស្ថិរភាពជាមួយសហរដ្ឋអាមេរិកបានឡើយ»។
លោកបានបន្ថែមថា៖ «នោះហើយជាមូលហេតុដែលយើងមិនគួរប្រកាសពីការបែកបាក់ជាអចិន្ត្រៃយ៍ជាមួយអតិថិជនធំបំផុត និងអ្នកជិតខាងដ៏ជិតស្និទ្ធបំផុតរបស់យើង ហើយទៅគាំទ្រភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់សណ្តាប់ធ្នាប់ពិភពលោកថ្មីជាមួយទីក្រុងប៉េកាំង ជារបបដែលនាយករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់ បាននិយាយថា ជាការគំរាមកំហែងដ៏ធំបំផុត ចំពោះប្រទេសកាណាដា ត្រឹមតែមួយឆ្នាំកន្លងទៅ»។
គួរបញ្ជាក់ថា សុន្ទរកថានេះគឺជាសេចក្តីថ្លែងការណ៍ដ៏ទូលំទូលាយបំផុតរបស់លោក Poilievre រហូតមកដល់បច្ចុប្បន្ន អំពីរបៀបដែលកាណាដាគួរតែដោះស្រាយភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៅពេលដែលការស្ទង់មតិបង្ហាញថា ប្រជាជនកាណាដាមើលឃើញថា គណបក្សសេរីនិយមរបស់លោក Carney មានសមត្ថភាពល្អប្រសើរ ក្នុងការដោះស្រាយបញ្ហាជាមួយលោក Trump៕
