ក្រសួងការបរទេសចិន និយាយនៅថ្ងៃសុក្រនេះថា ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងភាពតានតឹងនៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ស្របពេលដែលកងកម្លាំងប៉ាគីស្ថាន និងកងកម្លាំងអាហ្វហ្គានីស្ថាន ប៉ះទង្គិចគ្នា បន្ទាប់ពីក្រុមតាលីបង់ បើកការវាយប្រហារអ្វីដែលពួកគេចាត់ទុកថា ជាការសងសឹកចំពោះការដំឡើងយោធារបស់ប៉ាគីស្ថាន ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយអំឡុងសន្និសីទសារព័ត៌មានថា ចិនបានសម្របសម្រួលជម្លោះតាមរយៈបណ្តាញផ្ទាល់ខ្លួន ហើយចិនចង់ដើរតួលក្ខណៈស្ថាបនា ក្នុងការបន្ធូរបន្ថយស្ថានភាព ។
អ្នកស្រីបន្តថា ក្រសួងការបរទេសចិន និងស្ថានទូតចិនប្រចាំនៅប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេសទាំង ២លើបញ្ហានេះ ហើយចិនបានស្នើសុំប្រទេសទាំង ២ ឲ្យធានាសុវត្ថិភាពបុគ្គលិកចិន គម្រោង និងស្ថាប័នរបស់ចិននៅប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ។

ក្រុមមន្រ្តីនៅទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងកាប៊ុល និយាយថា ប៉ាគីស្ថាន បានបើកការវាយប្រហារទាំងយប់លើទីក្រុងសំខាន់ៗរបស់អាហ្វហ្គានីស្ថាន ធ្វើឲ្យកើនឡើងការប៉ះទង្គិចគ្នាតាមព្រំដែនរវាងប្រទេសអ៊ិស្លាមទាំង ២ ។
ក្រុមមន្រ្តីនិយាយថា ការវាយប្រហារតាមច្រកអាកាស និងតាមជើងគោក ដែលមានគោលដៅលើប៉ុស្តិ៍យោធាតាលីបង់ ទីស្នាក់ការកណ្តាល និងឃ្លាំងស្តុកគ្រាប់រំសេវរបស់ពួកគេ ក្នុងតំបន់ជាច្រើនតាមបណ្តោយព្រំដែននេះ បានកើតមានឡើង ក្រោយអាហ្វហ្គានីស្ថាន វាយប្រហារកងកម្លាំងឆ្មាំព្រំដែនប៉ាគីស្ថាន ។
ដោយឡែក រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Asif បាននិយាយនៅថ្ងៃសុក្រនេះដែរថា ភាពអត់ធ្មត់របស់ប្រទេសលោក អស់ហើយ ជាមួយអាជ្ញាធរតាលីបង់នៅក្នុងប្រទេសជិតខាងអាហ្វហ្គានីស្ថាន ហើយប្រទេសប៉ាគីស្ថានពេលនេះនឹងធ្វើសង្គ្រាមដោយបើកចំហ ៕
