បន្ទាប់ពីភាគីទាំង២ បានធ្វើកិច្ចចរចានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦) បាននិយាយថា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ សហរដ្ឋអាមេរិកនឹងត្រូវទម្លាក់ចោល «ការទាមទារហួសហេតុ» របស់ខ្លួន។

អំឡុងការសន្ទនាតាមទូរស័ព្ទជាមួយអ្នកការទូតជាន់ខ្ពស់របស់អេហ្ស៊ីប គឺលោក Badr Abdelatty លោក Araghchi បានលើកឡើងថា៖ «ភាពជោគជ័យក្នុងមាគ៌ានេះ តម្រូវឲ្យមានភាពប្រាកដប្រជាច្បាស់លាស់ និងភាពប្រាកដនិយម ពីភាគីម្ខាងទៀត ហើយចៀសវាងបង្កើតនូវកំហុសឆ្គង និងការទាមទារហួសហេតុណាមួយ»។
យ៉ាងណាក្ដី លោក Araghchi មិនបានបញ្ជាក់ថា តើការទាមទារអ្វីដែលលោកកំពុងសំដៅទៅលើនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានចង្អុលបង្ហាញពីកម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ហើយបានពិពណ៌នាម្តងហើយម្តងទៀត អំពីសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់ថា ជាបន្ទាត់ក្រហម។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងតេអេរ៉ង់ «បានអភិវឌ្ឍរួចហើយនូវមីស៊ីល ដែលអាចគំរាមកំហែងដល់អឺរ៉ុប និងមូលដ្ឋានរបស់សហរដ្ឋអាមេរិក នៅក្រៅប្រទេស ហើយពួកគេកំពុងធ្វើការ ដើម្បីផលិតមីស៊ីល ដែលនឹងវាយប្រហារទៅដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ»។
គូសត្រូវយូរអង្វែងទាំង២ គឺអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចានុយក្លេអ៊ែរជុំទី៣ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងហ្សឺណែវ ប្រទេស្វីស ដោយប្រឹងប្រែងបញ្ចៀសការកើនឡើងនូវភាពតានតឹងផ្នែកយោធា ខណៈដែលទីក្រុងវ៉ាស៊ីនតោនពង្រីកចំនួនកងកម្លាំងយោធា នៅក្នុងតំបន់នេះ៕
