ជនប៉ាឡេស្ទីនយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារយានដ្រូនអ៊ីស្រាអែលដែលមានគោលដៅលើប៉ុស្តិ៍នគរបាល ២កន្លែងនៅជំរំ Bureij ស្ថិតតំបន់ភាគកណ្តាលហ្កាហ្សា និងនៅតំបន់ al-Mawasi ស្ថិតក្នុងទីក្រុងភាគខាងត្បូង Khan Younis ស្របពេលដែលអ៊ីស្រាអែល នៅតែបន្តសង្រ្គាមប្រល័យពូជសាសន៍រយៈពេលជាង ២ឆ្នាំរបស់ពួកគេលើដែនដីបិទច្រកមួយនេះ ។
ការវាយប្រហារនៅយប់រំលងអាធ្រាត្រចូលដល់ព្រឹកថ្ងៃសុក្រនេះ ត្រូវបានថ្កោលទោសដោយក្រុមហាម៉ាសថា កំពុងធ្វើឲ្យអន្តរាយដល់កិច្ចខិតខំរបស់អ្នកសម្របសម្រួល អំឡុងដំណាក់កាលបទឈប់បាញ់ ដែលអ៊ីស្រាអែលបានបំពានស្ទើរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ រហូតមក ។

ប្រភពវេជ្ជសាស្រ្តនៅមន្ទីរពេទ្យ Nasser Medical Complex ស្ថិតក្នុងទីក្រុង Khan Younisរាយការណ៍ថា សាកសពមនុស្ស ៤នាក់ បានមកដល់មន្ទីរពេទ្យ ក៏ដូចជាអ្នករងរបួសរាបសិបនាក់ផ្សេងទៀត បន្ទាប់ពីការវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាល ស្ថិតនៅផ្លូវប្រសព្វ ក្នុងតំបន់ al-Mawasi ។
ប្រភពបន្តថា ការវាយប្រហារនេះ បានកើតនឡើងនៅក្រៅតំបន់គ្រប់គ្រងរបស់យោធាអ៊ីស្រាអែល ហើយស្ថានភាពរបស់អ្នករងរបួសពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ។
នៅតំបន់ភាគកណ្តាលហ្កាហ្សា ជនប៉ាឡេស្ទីន ២នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ទៀត បានរងរបួស នៅក្នុងការវាយប្រហារយានដ្រូនស្រដៀងគ្នារបស់អ៊ីស្រាអែល ដែលមានគោលដៅប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាល នៅច្រកចូលជំរំ Bureij ។
លោក Hazem Qassem គឺជាអ្នកនាំពាក្យរបស់ក្រុមហាម៉ាស និយាយថា ការកើនឡើងចំនួនមនុស្សស្លាប់ដោយសារការទម្លាក់គ្រាប់បែកនៅតែបន្តរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ក្រឡែតពីការមិនអើពើរបស់ក្រុមកាន់កាប់អ៊ីស្រាអែល ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្របសម្រួល ហើយមិនគោរពក្រុមប្រឹក្សាសន្តិភាព និងតួនាទីរបស់ពួកគេ ៕
