ប៉ាគិស្ថាន បាននិយាយថា បច្ចុប្បន្នពួកគេស្ថិតនៅក្នុងសង្រ្គាមដោយបើកចំហរជាមួយរដ្ឋាភិបាលតាលីបង់របស់ហ្វហ្គានីស្ថាន ស្របពេលការផ្ទុះគ្រាប់ ត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងកាប៊ុល ហើយការប្រយុទ្ធគ្នានៅតែបន្តតាមទីតាំងផ្សេងទៀតជាច្រើន តាមបណ្តោយព្រំដែន ។
ប៉ាគីស្ថាននិយាយថា ពួកគេបានវាយប្រហារផងដែរទីក្រុង Kandahar និងទីក្រុង Paktika ស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថាន ។

ការប្រកាសសង្រ្គាមដោយបើកចំហរនៅថ្ងៃសុក្រនេះ បានកើតមានឡើង រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយអ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid និយាយថា អាហ្វហ្គានីស្ថាន បានចុះប្រតិបត្តិការឈ្លានពានទ្រង់ទ្រាយធំ ប្រឆាំងនឹងយោធាប៉ាគីស្ថាន នៅតាមបន្ទាត់ព្រំដែន Durand ដែលបែងចែកប្រទេសទាំង ២ ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres ដែលកំពុងតាមដានស្ថានភាពយ៉ាងដិតដល់នោះ បានបង្ហាញនូវក្តីបារម្ភជាខ្លាំងរបស់លោកចំពោះការកញ្ជ្រោលឡើងអំពើហិង្សានេះ ។
ចំណែករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ដែលបានជាប់ពាក់ព័ន្ធនឹងការកិច្ចពិភាក្សាដ៏តានតឹងជាមួយសហរដ្ឋអាមេរិក ដើម្បីបង្វែរជម្លោះក្នុងប្រទេសផ្ទាល់ខ្លួនលោកនោះ បានជំរុញឲ្យប្រទេសទាំង ២ ដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ តាមរយៈកិច្ចសន្ទនា និងគោលការណ៍ប្រទេសជិតខាងល្អ ។
ខណៈពេលនោះដែរ រុស្ស៊ី បានជំរុញឲ្យភាគីបង្កសង្រ្គាមទាំង ២ បញ្ឈប់ជាបន្ទាន់ការវាយប្រហារឆ្លងព្រំដែន ហើយនិងដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ តាមមធ្យោបាយការទូត ។
ដោយឡែក ប្រទេសចិននិយាយថា ទីក្រុងប៉េកាំង មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងភាពតានតឹងនៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ស្របពេលដែលកងកម្លាំងប៉ាគីស្ថាន និងកងកម្លាំងអាហ្វហ្គានីស្ថាន ប៉ះទង្គិចគ្នា បន្ទាប់ពីក្រុមតាលីបង់ បើកការវាយប្រហារអ្វីដែលពួកគេចាត់ទុកថា ជាការសងសឹកចំពោះការដំឡើងយោធារបស់ប៉ាគីស្ថាន ៕
