ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដ៏មានឥទ្ធិពលមួយដែលគាំទ្រដោយអ៊ីរ៉ង់ បានប្រាប់យុទ្ធជនរបស់ខ្លួនឲ្យត្រៀមខ្លួនសម្រាប់សេណារីយ៉ូនៃការមានសង្គ្រាមយូរអង្វែង នៅក្នុងប្រទេសជិតខាងអ៊ីរ៉ង់ ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារ។

កាលពីថ្ងៃព្រហស្បតិ៍ (ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦) ក្រុម Kataeb Hezbollah បានព្រមានសហរដ្ឋអាមេរិកអំពី «ការខាតបង់ដ៏ធ្ងន់ធ្ងរ» ប្រសិនបើខ្លួនចាប់ផ្តើមធ្វើសង្គ្រាម នៅក្នុងតំបន់ ខណៈដែលមេបញ្ជាការម្នាក់នៅក្នុងក្រុមប្រដាប់អាវុធនេះ បានប្រាប់សារព័ត៌មាន AFP ថា ក្រុមរបស់លោក «ភាគច្រើនទំនងជាមិនមានភាពអត់ធ្មត់» ក្នុងការមិនជ្រៀតជ្រែកទៀតទេ ប្រសិនបើករណីមានការវាយប្រហារ។
ក្រុម Kataeb Hezbollah បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្នុងចំណោមការគំរាមកំហែងរបស់អាមេរិក និងការប្រមូលផ្ដុំកងកម្លាំងយោធាដែលបង្ហាញពីការកើនឡើងនូវភាពតានតឹងដ៏គ្រោះថ្នាក់នៅក្នុងតំបន់ វាគឺជាករណីចាំបាច់» សម្រាប់យុទ្ធជនទាំងអស់ «ក្នុងការត្រៀមខ្លួន សម្រាប់សង្គ្រាមដ៏បំផ្លិចបំផ្លាញយូរអង្វែង»។
មេបញ្ជាការក្រុមនេះបានប្រាប់សារព័ត៌មាន AFP ថា ក្រុមរបស់លោកចាត់ទុកអ៊ីរ៉ង់ជាយុទ្ធសាស្ត្រ សម្រាប់ផលប្រយោជន៍របស់ក្រុម ហើយដូច្នេះ ការវាយប្រហារណាមួយលើសាធារណរដ្ឋឥស្លាម «គំរាមកំហែងក្រុមដោយផ្ទាល់"។
គួរបញ្ជាក់ថា ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់មួយនេះដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក មិនបានចូលជ្រៀតជ្រែកនោះឡើយ ក្នុងអំឡុងពេលមានសង្គ្រាមរយៈពេល ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីឆ្នាំមុន។ តែលើកនេះ មេបញ្ជាការបានបញ្ជាក់ថា ពួកគេនឹង «មិនមានការអត់ធ្មត់ទៀតទេ» ជាពិសេសក្នុងករណីមានការវាយប្រហារដែលស្វែងរកការផ្តួលរំលំរបបនេះ៕
