លទ្ធភាពនៃការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ទាក់ទងនឹងការប៉ះទង្គិចគ្នាដែលកំពុងបន្តនៅតាមព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន មិនទាន់ត្រូវបានពិភាក្សា នៅពេលនេះទេ។
ប្រភពមួយរបស់ក្រុមប្រឹក្សាសន្តិសុខ បានប្រាប់សារព័ត៌មាន TASSថា៖«នៅពេលនេះ បញ្ហានេះ មិនទាន់ត្រូវបានពិភាក្សានៅឡើយទេ»។

ការប៉ះទង្គិចគ្នា បានផ្ទុះឡើង នៅតាមព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ទីក្រុងកាប៊ុល បាននិយាយថា អាហ្វហ្គានីស្ថានកំពុងធ្វើប្រតិបត្តិការយោធា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសថ្មីៗនេះរបស់ប៉ាគីស្ថានលើទឹកដីអាហ្វហ្គានីស្ថាន។ ទីក្រុងអ៊ីស្លាម៉ាបាដ បានរាយការណ៍ថា ទាហានអាហ្វហ្គានីស្ថានជាង ១៣០នាក់ ត្រូវបានសម្លាប់ និងគ្រឿងយុទ្ធោបករណ៍ជាច្រើន ត្រូវបានបំផ្លាញ។ ចំណែកអាហ្វហ្គានីស្ថានវិញ បានអះអាងថា ទាហានប៉ាគីស្ថាន ៤០នាក់ ត្រូវបានសម្លាប់ និងប៉ុស្តិ៍ព្រំដែនចំនួន ១៥ ត្រូវបានកាន់កាប់៕
