ឥណ្ឌូនេស៊ី ត្រៀមបញ្ជូនទាហាន ១ពាន់នាក់ ទៅកាន់តំបន់ហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ គឺជាទាហានដំបូងក្នុងចំណោមទាហានប្រហែល ៨ពាន់នាក់ ដែលទីក្រុងហ្សាកាតា សន្យាដាក់ពង្រាយទៅកាន់ដែនដីប៉ាឡេស្ទីនមួយនេះ ដែលជាផ្នែកមួយនៃកងកម្លាំងស្ថិរភាពអន្តរជាតិ(ISF) ក្រោមគំនិតផ្តួចផ្តើម “ក្រុមប្រឹក្សាសន្តិភាព”របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ។
លោកឧត្តមសេនីយ៍ឯក Donny Pramono គឺជាអ្នកនាំពាក្យកងទ័ពឥណ្ឌូនេស៊ី និយាយប្រាប់សារព័ត៌មានថា ទាហានដំបូងត្រៀមនឹងធ្វើដំណើរទៅដល់ដែនដីបិទច្រកមួយនេះ នៅខែមេសា ហើយភាគច្រើននៃពួកគេនឹងឈរជើងនៅតំបន់ហ្កាហ្សា នាខែមិថុនា ។

ប៉ុន្តែស្របពេលដែលការដាក់ពង្រាយដ៏ប្រញាប់ប្រញាល់ខិតជិតមកដល់ ពលដ្ឋឥណ្ឌូនេស៊ីមួយចំនួន បានចោទសួរពីតួនាទីអ្វីដែលកងកម្លាំងប្រដាប់អាវុធរបស់ពួកគេនឹងត្រូវធ្វើនៅក្នុងបេសកកម្ម ស្របពេលមានសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីននោះ ។
ឥណ្ឌូនេស៊ីគឺជាអ្នកចូលរួមដ៏មានបទពិសោធន៍មួយ នៅក្នុងបេសកកម្មថែរក្សាសន្តិភាពដឹកនាំដោយអង្គការសហប្រជាជាតិ ប៉ុន្តែក្រុមអ្នករិះគន់មានការព្រួយបារម្ភថា ដោយគ្មានការត្រួតពិនិត្យពីអង្គការសហប្រជាជាតិ កងកម្លាំងឥណ្ឌូនេស៊ី អាចនឹងត្រូវប្រើប្រាស់ធ្វើជាកូនអុកដោយសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ៕
