នាយករដ្ឋមន្រ្តីកាណាដាលោក Mark Carney បានធ្វើដំណើរទៅដល់ទីក្រុងម៉ុមបៃនាថ្ងៃសុក្រនេះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ប្រទេសឥណ្ឌា ដោយសង្ឃឹមថា នឹងបង្កើតឡើងវិញទំនាក់ទំងប្រេះឆារនាពេលមួយជាមួយប្រទេសមានពលរដ្ឋរស់នៅច្រើនបំផុតរបស់ពិភពលោកមួយនេះ ស្របពេលដែលលោកស្វែងសម្ព័ន្ធមិត្តសកលោកថ្មី ។
លោក Carney នឹងជួបជាមួយក្រុមមេដឹកនាំធុរកិច្ចនៅក្នុងទីក្រុងម៉ុមបៃ និងចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ ដែលត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ ។ នេះបើយោងតាមការអះអាងរបស់រដ្ឋមន្រ្តីការបរទេសរបស់លោក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ។
លោក Carney នឹងបន្តដំណើរទៅកាន់ទីញូវដែលី សម្រាប់កិច្ចពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី Narendra Modi ។
លោក Carney បានព្យាយាមស្វែងរកទំនាក់ទំនងជិតស្និតជាមួយចិន និងបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាឥណ្ឌា ស្របពេលដែលរូបលោកព្យាយាមកាត់បន្ថយការពឹងផ្អែករបស់កាណាដាលើសហរដ្ឋអាមេរិក និងជំរុញសណ្តាបធ្លាប់ពាណិជ្ជកម្មសកលថ្មីដឹកនាំដោយអ្វីដែលលោកចាត់ទុកថាជា “ប្រទេសមជ្ឈិមអំណាច” ។
ទំនាក់ទំនងរវាងកាណាដា និងឥណ្ឌា បានជាប់គាំងកាលពីរយៈពេលជាច្រើនឆ្នាំមុន ក្រោយផ្ទុះការចោទប្រកាន់ដោយលោកអតីតនាយករដ្ឋមន្រ្តី Justin Trudeauថា រដ្ឋាភិបាលឥណ្ឌា មានការជាប់ពាក់ព័ន្ធនឹងការធ្វើឃាតពលរដ្ឋកាណាដា ដែលជាជនផ្តាច់ខ្លួន Sikh ។ ឥណ្ឌា បានច្រានចោលម្តងហើយម្តងទៀត រាល់ការជាប់ពាក់ព័ន្ធណាមួយ ៕