ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុង Jerusalem បានឲ្យដឹងនៅថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យបុគ្គលិកមិនចាំបាច់រដ្ឋាភិបាល និងសមាជិកគ្រួសារចាកចេញពីអ៊ីស្រាអែល ដោយសារហានិភ័យសុវត្ថិភាព ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ អំពីលទ្ធភាពនៃការមានជម្លោះយោធាជាមួយអ៊ីរ៉ង់។

ស្ថានទូតមិនបានពន្យល់លម្អិត អំពីហានិភ័យសុវត្ថិភាពដែលនាំឲ្យមាន «ការយល់ព្រមផ្លូវការឲ្យចាកចេញ» ដែលអនុញ្ញាតឲ្យបុគ្គលិករងផលប៉ះពាល់សម្រេចចិត្តដោយផ្ទាល់ខ្លួនថា តើត្រូវចាកចេញដែរ ឬអត់។ តែយ៉ាងណាក្ដី វាមិនមានភាពខ្លាំងក្លាដូចការដាក់ចេញបញ្ជាឲ្យចាកចេញ នៅសប្តាហ៍នេះ សម្រាប់បុគ្គលិកមួយចំនួន នៅស្ថានទូតអាមេរិក ប្រចាំទីក្រុងបេរូតរបស់ប្រទេសលីបង់។
សហរដ្ឋអាមេរិកបានបង្កើនការដាក់ពង្រាយយោធាដ៏ធំបំផុតមួយរបស់ខ្លួន នៅតំបន់មជ្ឈិមបូព៌ា ខណៈពេលដែលខ្លួនកំពុងចរចាជាមួយអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម។ កិច្ចចរចាជុំចុងក្រោយបានបញ្ចប់ទៅកាលថ្ងៃព្រហស្បតិ៍ដោយគ្មានសញ្ញានៃការទម្លាយភាពទាល់ច្រក។
ប្រទេសជាច្រើនបានចាប់ផ្តើមដកបុគ្គលិកការទូត និងមន្ត្រីមិនចាំបាច់ចេញពីទីតាំងមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា ឬណែនាំពលរដ្ឋឲ្យចៀសវាងការធ្វើដំណើរទៅកាន់អ៊ីរ៉ង់ ស្របពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់៕
