រថយន្តក្រុងរដ្ឋ និងរថយន្តរត់លើផ្លូវដែក នៅតាមតំបន់ជាច្រើនទូទាំងប្រទេសអាល្លឺម៉ង់ ត្រូវបានផ្អាកនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលកម្មករដឹកជញ្ជូនក្នុងស្រុក ស្តាប់តាមការអំពាវនាវរបស់សហជីពវិស័យសាធារណៈ Verdi ឲ្យចូលរួមធ្វើកូដកម្ម ។

សហជីពមានគោលបំណងទទួលបានឥទ្ធិពលនៅក្នុងកិច្ចចរចាដែលគ្របដណ្តប់លើលក្ខខណ្ឌការងារ ជាពិសេសម៉ោងការងារ និងការងារផ្លាស់វេន ប្រាក់ឧបត្ថម្ភសម្រាប់ការងារពេលយប់ និងចុងសប្តាហ៍ ក៏ដូចជាប្រាក់បៀវត្សរ៍ ។
ការទាមទារពិតប្រាកដខុសប្លែកគ្នាពីរដ្ឋមួយទៅរដ្ឋមួយ ហើយរដ្ឋ Baden-Wuerttemberg និងរដ្ឋ Lower Saxony ពុំបានរងផលប៉ះពាល់ដោយសារសកម្មភាពឧស្សាហកម្មមួយនេះឡើយ ។
កិច្ចពិភាក្សាលើកិច្ចព្រមព្រៀងប្រាក់បៀវត្សរ៍សមូហភាព បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនរថយន្តក្រុង រថយន្តរត់លើផ្លូវដែក និងក្រុមហ៊ុនរថភ្លើងជាង ១៥០ក្រុមហ៊ុន ក្នុងនោះ និយោជិកប្រហែល ១០ម៉ឺននាក់ នៅតាមរដ្ឋទូទាំងអាល្លឺម៉ង់ រួមទាំងទីក្រុងប៊ែរឡាំង និងទីក្រុង Hamburg ផងដែរ បានចូលរួមធ្វើកូដកម្ម ៕
