ប៉ាគីស្ថាន បានប្រកាសថា ដណ្តើមបានប៉ុស្តិ៍ក្រៅ នៅក្នុងព្រំដែនអាហ្វហ្គានីស្ថាន ក្នុងវីដេអូមួយដែលបានចែករំលែងនៅថ្ងៃសុក្រនេះ ។
នៅក្នុងរូបភាពវីដេអូឃ្លីប បង្ហោះដោយកងកម្លាំងសន្តិសុខប៉ាគីស្ថាន ឃើញទាហានម្នាក់ កំពុងគ្រវីទង់ជាតិប៉ាគីស្ថាន ក្រោយកងកម្លាំងរដ្ឋាភិបាលតាលីបង់ នៅតាមទីក្រុងសំខាន់ៗរបស់អាហ្វហ្គានីស្ថាន រងការទម្លាក់គ្រាប់បែក កាលពីយប់កន្លងទៅ ។
នេះគឺជាលើកដំបូងហើយដែលប៉ាគីស្ថាន មានគោលដៅដោយផ្ទាល់លើអតីតសម្ព័ន្ធមិត្តមួយនេះ ដោយចាត់ទុកស្ថានការថាជា សង្គ្រាមដោយបើកចំហរ បង្កឲ្យមានភាពតានតឹងកើនឡើងនៅក្នុងតំបន់មានភាពប្រែប្រួសខ្លាំងមួយនេះ និងមានអាវុធនុយក្លេអ៊ែរ ។
ការវាយប្រហាររបស់ប៉ាគីស្ថាន មានគោលដៅលើរដ្ឋធានីកាប៊ុល និងទីក្រុង Kandahar ជាទីដែលក្រុមមេដឹកនាំតាលីបង់ស្ថិតនៅ ។ វាគឺជាលើកដំបូងហើយដែលទីក្រុងអ៊ីស្លាម៉ាបាដ វាយប្រហារក្រុមតាលីបង់ ជាជាងក្រុមជីវពលដែលរងការចោទប្រកាន់ថាត្រូវបានគាំទ្រដោយពួកគេ ធ្វើឲ្យផ្តាច់ទំនាក់ទំនងរវាងប្រទេសជិតខាងអ៊ិស្លាមទាំង ២ ។
ប្រភពសន្តិសុខនៅប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា ការវាយប្រហារទាំងនេះ ជាប់ពាក់ព័ន្ធនឹងការវាយប្រហារមីស៊ីលបាញ់ចេញពីលើអាកាសទៅលើដី ដែលមានគោលដៅលើការិយាល័យយោធាតាលីបង់ និងប៉ុស្តិ៍នគរបាលនៅទីក្រុងកាប៊ុល ទីក្រុង Kandahar ក៏ដូចជានៅខេត្ត Paktia ៕