ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានអំពាវនាវឲ្យអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានវិលត្រឡប់ទៅកាន់តុចរចា ក្នុងអំឡុងពេលមានការប៉ះទង្គិចគ្នាឆ្លងកាត់ព្រំដែន រវាងប្រទេសទាំង២។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានសម្តែងក្ដីបារម្ភ អំពីការកើនឡើងនូវការប៉ះទង្គិចគ្នាដោយអាវុធ រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។
លោកស្រី Zakharova បានលើកឡើងថា៖ «យើងមានក្ដីបារម្ភ អំពីការកើនឡើងយ៉ាងខ្លាំងនូវការប៉ះទង្គិចគ្នាដោយអាវុធ រវាងអេមីរ៉ាតឥស្លាមអាហ្វហ្គានីស្ថាន និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដែលពាក់ព័ន្ធនឹងអង្គភាពកងទ័ពធម្មតា កងទ័ពអាកាស និងអាវុធធុនធ្ងន់ ដោយមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសពីភាគីទាំង២»។
លោកស្រី Zakharova បានអំពាវនាវឲ្យប្រទេសទាំង២ «បោះបង់ចោលការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់នេះ»។ លោកស្រីបាននិយាយថា៖ «យើងអំពាវនាវឲ្យអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលជាមិត្តរបស់យើងបោះបង់ការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់នេះ ហើយវិលត្រឡប់ទៅកាន់តុចរចាវិញ ដើម្បីដោះស្រាយការខ្វែងគំនិតគ្រប់យ៉ាង តាមរយៈមធ្យោបាយនយោបាយ និងការទូត»។
ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់ថា ទីក្រុងមូស្គូកំពុងតាមដានស្ថានភាពនៅតាមព្រំដែនអាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន ដោយបង្ហាញពីក្តីសង្ឃឹមថា ការប៉ះទង្គិចគ្នានឹងបញ្ចប់យ៉ាងឆាប់រហ័ស។
ការប្រឈមមុខដាក់គ្នាចុងក្រោយនេះ គឺជាសញ្ញានៃការផ្ទុះឡើងនូវជម្លោះដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រវាងប្រទេសជិតខាងទាំង២។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមព្រំដែន កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន នៅអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់៕