ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) លោក Volker Turk បាននិយាយនៅថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះថា លោក «មានក្ដីបារម្ភយ៉ាងខ្លាំង» ចំពោះហានិភ័យនៃការកើនឡើងនូវភាពតានតឹង នៅក្នុងតំបន់ ជុំវិញប្រទេសអ៊ីរ៉ង់ ដែលកំពុងប្រឈមនឹងការគំរាមកំហែងម្តងហើយម្តងទៀតពីការវាយប្រហាររបស់សហរដ្ឋអាមេរិក។
លោក Turk បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា៖ «ខ្ញុំមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង អំពីលទ្ធភាពនៃការកើនឡើងនូវភាពតានតឹងផ្នែកយោធា នៅក្នុងតំបន់ និងផលប៉ះពាល់របស់វាទៅលើជនស៊ីវិល។ ខ្ញុំសង្ឃឹមថា សំឡេងនៃហេតុផលនឹងជម្នះលើអ្វីគ្រប់យ៉ាង»។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីការចរចានុយក្លេអ៊ែរដោយប្រយោលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅទីក្រុងហ្សឺណែវ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងចុងក្រោយ ដើម្បីបញ្ចៀសការមានសង្គ្រាម រវាងគូសត្រូវយូរអង្វែងទាំង២។
កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់រយៈពេល ១៥ថ្ងៃដល់ទីក្រុងតេអេរ៉ង់ ដើម្បីឲ្យធ្វើកិច្ចព្រមព្រៀងមួយ ខណៈដែលសហរដ្ឋអាមេរិក បានបន្តប្រមូលផ្ដុំកងកម្លាំងយោធាដ៏ធំបំផុតជាលើកដំបូង នៅតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ជាមួយគ្នានេះ លោក Turk ក៏បានគូសបញ្ជាក់ពីស្ថានភាពក្នុងស្រុករបស់អ៊ីរ៉ង់ផងដែរ បន្ទាប់ពីទីក្រុងតេអេរ៉ង់ កាលពីខែមករា បានចាប់ផ្តើមការបង្ក្រាបដ៏ធំលើការតវ៉ាទូទាំងប្រទេស ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ ដែលជាតួលេខផ្ដល់ដោយក្រុមសិទ្ធិមនុស្ស។
លោក Turk បានប្រាប់ក្រុមប្រឹក្សាថា «ស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់នៅតែមិនស្ថិតស្ថេរ» បន្ទាប់ពីការបង្ក្រាបនោះ ដោយចង្អុលបង្ហាញថា «ប៉ុន្មានថ្ងៃថ្មីៗនេះ បានឃើញរលកថ្មីនៃការតវ៉ានៅតាមសាកលវិទ្យាល័យ ដែលបង្ហាញយ៉ាងច្បាស់ថា បញ្ហាជាមូលដ្ឋាននៅតែមានដដែល»៕