អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton គ្រោងផ្តល់សក្ខីកម្មនៅថ្ងៃសុក្រ (ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដោយបិទទ្វារទៅកាន់គណៈកម្មាធិការសភា អំពីទំនាក់ទំនងរបស់លោក ជាមួយជនល្មើសរឿងអាស្រូវផ្លូវភេទ លោក Jeffrey Epstein ដែលបានស្លាប់ហើយ ជាអ្វីដែលអាចជាការប្រឈមមុខដាក់គ្នាដ៏តានតឹង រវាងអតីតមេដឹកនាំខាងគណបក្សប្រជាធិបតេយ្យ និងសមាជិកគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Donald Trump។
ការផ្ដល់សក្ខីកម្មរបស់លោក Clinton ដែលគ្រោងធ្វើនៅម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ១៦ ម៉ោងសកល) កើតឡើងបន្ទាប់ពីមានការធ្វើដូចគ្នាដែរដោយភរិយារបស់លោក គឺអតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hillary Clinton ដែលបានប្រាប់គណៈកម្មាធិការត្រួតពិនិត្យសភាតំណាងរាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រី មិនចាំថាធ្លាប់ជួបលោក Epstein នោះឡើយ ហើយគ្មានអ្វីត្រូវចែករំលែក ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌផ្លូវភេទរបស់ជននោះឡើយ។
តែលោក Bill Clinton បានជិះយន្តហោះរបស់លោក Epstein ច្រើនដង កាលដើមទសវត្សរ៍ឆ្នាំ២០០០ បន្ទាប់ពីលោកបានចាកចេញពីតំណែង ហើយឯកសាររាប់លានច្បាប់ដែលបញ្ចេញដោយក្រសួងយុត្តិធម៌ រួមមានរូបថតរបស់លោកជាមួយស្ត្រីដែលផ្ទៃមុខរបស់ពួកគេត្រូវបានបិទបាំង។ លោកបានបដិសេធមិនបានធ្វើខុសអ្វីខុសឡើយ និងបានសម្តែងការសោកស្តាយ ចំពោះការមានទំនាក់ទំនងរបស់លោកនេះ។
ប្រធានគណៈកម្មាធិការនេះ គឺលោក James Comer តំណាងរាស្រ្តមកពីរដ្ឋ Kentucky ដែលជាសមាជិកគណបក្សសាធារណរដ្ឋ បាននិយាយថា ក្រុមគ្រួសារត្រកូល Clinton មិនត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអ្វីខុសនោះទេ ប៉ុន្តែត្រូវតែឆ្លើយសំណួរ អំពីការពាក់ព័ន្ធរបស់លោក Epstein ជាមួយមូលនិធិសប្បុរសធម៌របស់ពួកគេ។
សមាជិកគណបក្សប្រជាធិបតេយ្យ លើកឡើងថា គណៈកម្មាធិការនេះ ក៏គួរតែកោះអញ្ជើញលោក Trump ផងដែរ ដែលឈ្មោះរបស់លោកលេចឡើងជាញឹកញាប់នៅក្នុងឯកសារទាក់ទងនឹងលោក Epstein។ លោក Trump បានបង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយលោក Epstein ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០០០ មុនពេលមានការផ្ដន្ទាទោសលោក Epstein ក្នុងឆ្នាំ២០០៨ ពីបទលួងលោមអនីតិជនឲ្យបម្រើសេវាផ្លូវភេទ។
លោក Epstein បានស្លាប់នៅក្នុងពន្ធនាគារក្នុងឆ្នាំ២០១៩ ខណៈពេលកំពុងប្រឈមនឹងបទល្មើសព្រហ្មទណ្ឌជួញដូរផ្លូវភេទសហព័ន្ធ។ ការស្លាប់របស់លោកត្រូវបានចាត់ទុកថា ជាការធ្វើអត្តឃាត៕