នៅទីបញ្ចប់ពលរដ្ឋរស់នៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ អាចមើលឃើញព្រះអាទិត្យជាថ្មីម្តងទៀតហើយ បន្ទាប់ពីរដូវរងាដ៏សែនយូរ ក្នុងនោះនៅក្រៅហាងកាហ្វេ ពេញដោយភ្ញៀវ ហើយពលរដ្ឋនាំគ្នាចេញក្រៅ ដើម្បីទទួលបានបរិកាសស្រស់ស្រាយនៅថ្ងៃដំបូងនៃរដូវកាលនេះ ។
សូម្បីសត្វកញ្ជ្រោងក៏មិនទៅណាឆ្ងាយដែរ ដោយពួកវា រត់លេងយ៉ាងសប្បាយរីករាយនៅក្នុងសួនកម្សាន្ត Tiergarten របស់ទីក្រុងប៊ែរឡាំង ។
ហាងលក់ការ៉េមដំបូង បានបើកឡើងវិញផងដែរ ដើម្បីផ្តល់សេវាកម្មដល់អតិថិជន ។ សីតុណ្ហភាព ១៥អង្សាសេ ត្រូវបានព្យាករថា នឹងកើតមាននៅទីក្រុងប៊ែរឡាំងនាថ្ងៃសុក្រនេះ ហើយវាអាចនឹងកើនឡើងដល់ ១៧អង្សាសេទៀតផង ។
សេវាកម្មឧតុនិយមអាល្លឺម៉ង់ រំពឹងផងដែរថា សីតុណ្ហភាពកើនឡើងលើសពី ២០អង្សាសេនៅតាមតំបន់មួយចំនួន នៅភាគខាងត្បូង និងភាគខាងលិចប្រទេសអាល្លឺម៉ង់ ។
រដូវរងាដែលនឹងបញ្ចប់ បានបង្ហាញពីភាពខុសប្លែកគ្នានៅតាមតំបន់ជាច្រើន ខណៈដែលអាកាសធាតុត្រជាក់ជាងនៅតំបន់ភាគពាយព្យ ហើយតំបន់ភាគនិរតី មិនសូវត្រជាក់ខ្លាំងនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមព្យាករឧតុនិយម និយាយថា ការវិលត្រឡប់មកវិញរបស់រដូវរងា មិនទាន់អាចនិយាយបាននោះទេ ហើយសីតុណ្ហភាពលើពីកម្រិតមធ្យម ត្រូវបានគេរំពឹងថា នឹងកើតមានឡើង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ៕