ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)លោក Volker Turk បាននិយាយថា ក្រឹត្យថ្មីចេញដោយរដ្ឋាភិបាលតាលីបង់របស់អាហ្វហ្គានីស្ថាន នឹងជាន់ឈ្លីបន្ថែមទៀតសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ នៅក្នុងប្រទេសដែលហែកហួរដោយសារសង្រ្គាមមួយនេះ ជាពិសេសសម្រាប់ស្រ្តី ។
ក្រុមតាលីបង់ បានរឹតត្បិតការបំលាស់ទីរបស់ស្រ្តី និងរារាំងក្មេងស្រីពីការសិក្សាហួសថ្នាក់បឋមសិក្សា ចាប់តាំងពីដណ្តើមបានអំណាចកាលពីឆ្នាំ ២០២១ តាមរយៈច្បាប់សីលធម៌ជាច្រើនដែលរឹតត្បិតផងដែរការបញ្ចេញមតិ និងការងារ ។
លោក Turk ដែលជាឧត្តមស្នងការសិទ្ធិមនុស្ស UN និយាយថា ក្រឹត្យដែលត្រូវបានចុះហត្ថលេខាដោយមេដឹកនាំកំពូលតាលីបង់លោក Hibatullah Akhundzada កាលពីខែមុន បានកំណត់បទឧក្រិដ្ឋ និងការផ្តន្ទាទោសមួយចំនួនដែលផ្ទុយនឹងកាតព្វកិច្ចស្របច្បាប់អន្តរជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន ។
លោកនិយាយប្រាប់ជំនួបក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ក្រឹត្យនេះដែរ ចាត់ទុកការរិះគន់ថ្នាក់ដឹកនាំតាមព្រឹត្តន័យ និងគោលនយោបាយរបស់ពួកគេ ថាជាឧក្រិដ្ឋកម្ម ដែលជាការបំពានលើការបញ្ចេញមតិ និងការប្រមូលផ្តុំគ្នា ។
បទប្បញ្ញត្តិលម្អិតនៃក្រឹត្យ ពុំត្រូវបានចេញផ្សាយជាផ្លូវការនៅឡើយទេដោយក្រសួងយុត្តិធម៌តាលីបង់ ឬតុលាការកំពូល ហើយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក៏ពុំអាចទទួលបានអត្តបទពីក្រុមមន្រ្តីនោះដែរ ហើយរដ្ឋបាលអាហ្វហ្គានីស្ថាន ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសណើសុំសេចក្តីអត្ថាធិប្បាយ ។
លោក Turk បានជំរុញឲ្យក្រុមតាលីបង់លុបចោលក្រឹត្យមួយនេះ ក៏ដូចជាដាក់ចេញបំរាមការប្រហារជីវិត និងបញ្ចប់ការដាក់ទណ្ឌកម្មលើរាងកាយ ដោយរូបលោកនិយាយថា ស្រ្តី និងក្មេងស្រី ប្រឈមនឹងការបៀតបៀនក្រោមប្រព័ន្ធមួយដែលលោកប្រដូចទៅនឹងការរើសអើងយេនឌឺ ៕