ឆ្នាំនេះមានរយៈពេលមិនដល់ជាង ២ខែផង ប៉ុន្តែមនុស្សជាង ៥៦០នាក់រួចទៅហើយ បានបាត់ខ្លួននៅក្នុងសមុទ្រមេឌីទែរ៉ាណេ ខណៈពេលព្យាយាមទៅដល់អឺរ៉ុប ធ្វើឲ្យវាឆ្ពោះទៅរកឆ្នាំស្លាប់មនុស្សច្រើនបំផុតជាប់កំណត់ត្រា ។
មនុស្សយ៉ាងហោច ៥០០នាក់ដែលបាត់បង់ជីវិត ធ្វើដំណើរឆ្លងកាត់មកពីលីប៊ី ទុយនីស៊ី និងអាល់ហ្សេរី ទៅកាន់អឺរ៉ុបដែលបន្តបង្ខំពួកគេឲ្យត្រឡប់មកប្រទេសកំណើតវិញ ។
រឿងរ៉ាវអ្នកបាត់បង់ជីវិតតាមសមុទ្រដែលភាគច្រើននៃពួកគេធ្វើដំណើរតាមទូកមានការការពារតិចតួចពីរលកសមុទ្រនោះ បានរៀបរាប់ពីទំហំនៃការឈឺចាប់របស់ពួកគេ ។
នៅដើមខែកុម្ភៈនេះ មនុស្ស ៥៣នាក់ ២នាក់ ក្នុងចំណោមពួកគេគឺជាទារក ត្រូវបានរាយការណ៍ថាស្លាប់ ឬបាត់ខ្លួន ក្រោយទូករបស់ពួកគេលិចនៅជិតតំបន់ឆ្នេរទីក្រុង Zuwara របស់ប្រទេសលីប៊ី ។ ស្រ្តីតែ ២នាក់គត់មកពីនីហ្សេរីយ៉ា ត្រូវបានជួយសង្រ្គោះ ។
រយៈពេលប៉ុន្មានសប្តាហ៍មុននេះ ស្របពេលដែលព្យុស៊ីក្លូនបោកបក់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ មនុស្សរាប់រយនាក់ អាចរហូតដល់ ១ពាន់នាក់ ដែលព្យាយាមធ្វើដំណើរទៅកាន់អឺរ៉ុប ត្រូវបានគេមានជំនឿថា បាត់បង់អាយុជីវិតរបស់ពួកគេ ។
ហានិភ័យនៃការធ្វើដំណើរទៅកាន់ និងឆ្លងកាត់លីប៊ី ត្រូវបានដឹងច្បាស់នៅក្នុងចំណោមជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែធ្វើដំណើរមកទៀត ។
យោងតាមអង្គការអន្តោប្រវេសន៍អន្តរជាតិ(IOM)របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចន្លោះខែសីហា និងខែតុលា ឆ្នាំ ២០២៥ ជនអន្តោប្រវេសន៍យ៉ាងហោច ៩២៨.០០០នាក់ ត្រូវបានកំណត់អត្តសញ្ញាណនៅលីប៊ីថា សង្ឃឹមបានរស់នៅប្រទេសអាហ្វ្រិកខាងជើងមួយនេះ ឬចង់ឆ្លងកាត់ទៅកាន់អឺរ៉ុប ដើម្បីមានជីវិតល្អប្រសើរជាងនេះ ៕