ភ្នំពេញ៖ ដំណើរការចាក់វ៉ាក់សាំងដូសទី២ ជូនកុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំ នៅរាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តនពីថ្ងៃនេះតទៅ ខណៈអាណាព្យាបាលសម្រុកនាំកូនៗ ទៅចាក់វ៉ាក់សាំង តាមការកំណត់របស់គ្រូពេទ្យ។
អាណាព្យាបាលរស់នៅរាជធានីភ្នំពេញ នាំកុមារមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ នៅថ្ងៃទី២៣ ខែមីនានេះ បានប្រាប់BTVឱ្យដឹងថាបន្ទាប់ពីកូនៗដែលមានអាយុពី៣ឆ្នាំដល់ក្រោម៥ឆ្នាំ ចាក់វ៉ាក់សាំងដូសទី២រួចរាល់ហើយ បន្ថយការព្រួយបារម្ភឆ្លងជំងឺកូវីដ-១៩ ពេលពួកគេនៅសាលារៀន និងដើរលេងនៅកន្លែងផ្សេងៗ។ លើសពីនេះ ពួគគេបានអគុណចំពោះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានស្វះស្វែងរកវ៉ាក់សាំងកូវីដ-១៩មកចាក់ជូនពលរដ្ឋអាយុពី៣ឆ្នាំឡើង ដោយឥតគិតថ្លៃ ហើយពួកគេគាំទ្រយ៉ាងពេញទំហឹង ដល់គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសទៀត។
យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ដូសទី២ ជូនកុមារអាយុពី៣ឆ្នាំ ដល់ ក្រោម៥ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្តើមអនុវត្តពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ហើយការចាក់ដូសទី២ ត្រូវមានគម្លាត១ខែ បន្ទាប់ពីចាក់ដូសទី១រួចរាល់។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដើម្បីបង្កើតអង់ទីគ័រទប់ ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង។
បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដ-១៩ បានជាង៤៤លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមរយៈយន្តការកូវ៉ាក់ និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត សម្រាប់ប្រើប្រាស់ក្នុង យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋពីដូសទី១ ដល់ដូសទី៤៕អត្ថបទ៖ សោភ័ណ