អ៊ុយក្រែន៖ កាលពីថ្ងៃអង្គារលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានថានឹងអាចកើតមានវិបត្តិស្បៀងអាហារពិភពលោក ក្រោយការរំខានដល់ការនាំចេញធញ្ញជាតិពីប្រទេសអ៊ុយក្រែន។

អំឡុងសុន្ទរកថាតាមវីដេអូទៅកាន់សភាអ៊ីតាលី លោក Zelenskyy បាននិយាយថា អ៊ុយក្រែនដែលជាប្រទេសនាំចេញដ៏សំខាន់មួយ ក្នុងចំណោមប្រទេសនាំចេញសំខាន់បំផុតជាច្រើនលើពិភពលោក នឹងព្យាយាមនាំចេញផលិតផលកសិកម្មរបស់ខ្លួន។ លោកថា តើយើងអាចសាបព្រួសដំណាំក្រោមការបាញ់ផ្លោងគ្រាប់ពីរុស្ស៊ីដោយរបៀបណា? យើងគួរសាបព្រួសយ៉ាងម៉េច នៅពេលសត្រូវកំពុងបង្កប់គ្រាប់មីននៅក្នុងស្រែចំការរបស់យើង និងបំផ្លិចបំផ្លាញមូលដ្ឋានស្តុកប្រេងរបស់យើងយ៉ាងនេះនោះ?
លោកថា លោកគ្មានសង្ឃឹមថា អ៊ុយក្រែនអាចរៀបចំការនាំចេញផលិតផលកសិកម្មដ៏ច្រើនបានទេ បើកំពង់ផែនានាត្រូវបានរុស្ស៊ីវាយដណ្ដើមយក ឬបិទផ្លូវទៅហើយនោះ។ លោក Zelenskyy បានជំរុញឲ្យក្រុមតំណាងរាស្ត្រអ៊ីតាលីបង្កើនសម្ពាធលើសេដ្ឋកិច្ចរុស្ស៊ី ដោយការដាក់បម្រាមពាណិជ្ជកម្ម ហាមមិនឲ្យនាវារុស្ស៊ីចូលទៅកាន់កំពង់ផែផ្សេងៗរបស់អ៊ីតាលី និងបិទផ្នែកអចលនទ្រព្យ និងគណនីធនាគាររបស់ក្រុមមហាសេដ្ឋីជំនួញធំៗរបស់រុស្ស៊ី ដែលជាប់ពាក់ព័ន្ធនឹងវិមានក្រឹមឡាំង៕
អត្ថបទ៖ សុខមាន