ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនិងទឹកជំនន់នៅភាគខាងកើតប្រទេសប្រេស៊ីល បានកើនឡើងដល់ ៦៤នាក់ ខណៈអាជ្ញាធរបន្តស្វែងរកអ្នកនៅរស់រានមានជីវិត។ ការធ្វើបច្ចុបន្នភាពកាលពីថ្ងៃសុក្រ បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរនៅក្នុងរដ្ឋ Minas Gerais ដោយទីក្រុង Juiz de Fora និងទីក្រុង Uba រងផលប៉ះពាល់ខ្លាំង។

នាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋបាននិយាយថា មនុស្ស៥នាក់ទៀតនៅតែបាត់ខ្លួន។ មនុស្សជាង ៥.៥០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ ទន្ទឹមនឹងនេះ វិទ្យាស្ថានឧតុនិយមរបស់ប្រទេសប្រេស៊ីល Inmet បានព្រមានអំពី «គ្រោះមហន្តរាយដ៏ធំ» នៃអាកាសធាតុអាក្រក់បន្ថែមទៀតនៅក្នុងតំបន់មួយចំនួននៃរដ្ឋ Minas Gerais ព្រមទាំងនៅក្នុងរដ្ឋRio និង Sao Paulo ដែលនៅជិតខាង នៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសប្រេស៊ីល។ វាក៏បានបង្ហាញពីហានិភ័យបន្ថែមទៀតនៃបំណាក់ដី ទឹកទន្លេពេញហៀរ និងទឹកជំនន់ធំ។
នៅថ្ងៃសៅរ៍ នេះ ប្រធានាធិបតី លោក Luiz Inacio Lula da Silva នឹងចុះពិនិត្យនៅរដ្ឋ Minas Gerais ដើម្បីជួបជាមួយមេដឹកនាំតំបន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីវិមានប្រធានាធិបតី។
កិច្ចប្រជុំរបស់លោក Lula ជាមួយអភិបាលក្រុងនានា នឹងធ្វើឡើងនៅសាលាក្រុង Juiz de Fora ជាទីក្រុងមានប្រជាជនប្រហែលមួយភាគបួន មានប្រហែល៥៤០.០០០នាក់ រស់នៅកន្លែងដែលត្រូវបានកំណត់ថាមានហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិទាក់ទង ទីតាំងដី និងទឹក៕
