អាជ្ញាធរអ៊ីស្រាអែល បានប្រាប់ក្រុមជំនួយចំនួន ៣៧ក្រុម ឱ្យបញ្ឈប់ប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សានៅត្រឹមថ្ងៃអាទិត្យខាងមុខនេះ។ ការព្រួយបារម្ភ កំពុងកើនឡើងអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌។
អ៊ីស្រាអែលនិយាយថា ចំណាត់ការនេះគឺមួយផ្នែកដើម្បីទប់ស្កាត់អំពើភេរវកម្ម។ អ៊ីស្រាអែលនិយាយថា ក្រុមជំនួយមានពេលរហូតដល់ថ្ងៃទី ១ ខែមីនា ដើម្បីអនុវត្តតាម។ រដ្ឋាភិបាលអ៊ីស្រាអែល និយាយថា អង្គការទាំងនេះតំណាងឱ្យតែផ្នែកតូចមួយនៃសកម្មភាពមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ហើយវិធានការនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់លំហូរជំនួយនោះទេ។
បញ្ជីបម្រាមរួមបញ្ចូលទាំងអង្គការគ្រូពេទ្យគ្មានព្រំដែន។ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនិយាយថា បុគ្គលិកប្រហែល ៣០នាក់នឹងត្រូវបង្ខំឱ្យចាកចេញពីតំបន់ហ៊ុមព័ទ្ធនោះ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ NHK នៅតំបន់ហ្កាហ្សាបានទៅដល់មន្ទីរពេទ្យបណ្តោះអាសន្នមួយកន្លែងក្នុងចំណោមមន្ទីរពេទ្យចំនួនពីរដែលនៅដំណើរការដោយអង្គការគ្រូពេទ្យគ្មានព្រំដែន កាលពីថ្ងៃទី ១៥ ខែកុម្ភៈ។ អ្នកជំងឺម្នាក់ដែលរងរបួសជើងធ្ងន់ធ្ងរបាននិយាយថា ស្ថានភាពនឹងកាន់តែលំបាកខ្លាំងប្រសិនបើសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលត្រូវបានរឹតត្បិត។
សមាជិកអង្គការគ្រូពេទ្យគ្មានព្រំដែន អ្នកស្រី Rebecca Smith មកពីប្រទេសអូស្ត្រាលី បាននិយាយថា វាមិនច្បាស់នោះទេថា នឹងមានអ្វីកើតឡើងនៅក្រោយថ្ងៃទី ១ ខែមីនា។ អ្នកស្រី ក៏បាននិយាយផងដែរថា វិធានការនេះអាចបណ្តាលឱ្យប្រព័ន្ធថែទាំសុខភាពដ៏ផុយស្រួយនៅតំបន់ហ្កាហ្សា ដួលរលំ។

