គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម Thomas LAM រួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឈាង វុន ក្នុងស្មារតីមនុស្សធម៌ និងពង្រឹងចំណងមិត្តភាពអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ជូនដល់គ្រួសារជនភៀសសឹកចំនួន ២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកពួក ខេត្តសៀមរាប។

សកម្មភាពមនុស្សធម៌នាឱកាសនេះ បានស្តែងឱ្យឃើញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង ក្នុងការរួមចំណែកជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីស្ថានភាពជម្លោះនៅតាមបណ្តោយព្រំដែន។
អំណោយដែលបានប្រគល់ជូននាពេលនោះ រួមមានអង្ករ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនទៀត ដែលជាការឆ្លើយតបយ៉ាងទាន់ពេលវេលាចំពោះតម្រូវការជីវភាពប្រចាំថ្ងៃរបស់គ្រួសាររងគ្រោះ។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខនិងការកោតសរសើរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់វីរ:កងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដីយ៉ាងស្វាហាប់ ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលខេត្តសៀមរាប។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដោយសម្តេចតែងតែផ្តល់ការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារប្រើប្រាស់នានាជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ ឯកឧត្តម ឈាង វុន ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា ក្នុងការបំពេញតួនាទីលើកកម្ពស់សុខសន្តិភាព និងស្ថិរភាពសង្គម តាមរយៈការងារការទូតសភានៅលើឆាកអន្តរជាតិ ដែលស្របតាមចក្ខុវិស័យសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពគ្រប់ប្រភេទ ក្នុងការការពារបូរណភាពទឹកដី ដែលវីរភាពនេះបានក្លាយជាកម្លាំងចលករនៃមហាសាមគ្គីជាតិខ្មែរទាំងមូល។

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តមបានផ្សព្វផ្សាយពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែន ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមតាមរយៈការចរចាការទូត និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីធានាសុវត្ថិភាពជូនជាតិមាតុភូមិ។

បន្ទាប់មកគណៈប្រតិភូក៏បានបន្តដំណើរចុះពិនិត្យមើលស្ពានអូជីក ក្នុងស្រុកស្រីស្នំ ដែលបានរងការបំផ្លិចបំផ្លាញពីការវាយប្រហារតាមអាកាសរបស់ទាហានឈ្លានពានថៃ ដើម្បីស្វែងយល់បន្ថែមពីផលប៉ះពាល់ជាក់ស្តែងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់នោះផងដែរ៕

