រដ្ឋអាជ្ញាមូលដ្ឋានបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១០៨នាក់បានស្លាប់ក្នុងការផ្ទុះនៅសាលារៀនមួយកន្លែងនៅភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ។
ការវាយប្រហារនេះបានកើតឡើង ខណៈសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសដ៏ធំ ប្រឆាំងនឹងប្រទេសនេះ។
លោកប្រធានាធិបតី Masoud Pezeshkian បាននិយាយថា នេះជា "ទង្វើព្រៃផ្សៃ" និង "ទំព័រខ្មៅមួយទៀតនៅក្នុងកំណត់ត្រានៃឧក្រិដ្ឋកម្មរាប់មិនអស់ដែលប្រព្រឹត្តដោយពួកឈ្លានពាន"។ពុំមានការបញ្ជាក់ណាមួយពីប្រទេសលោកខាងលិចទាំងពីរអំពីការវាយប្រហារលើសាលារៀន ដែលមានទីតាំងនៅជិតមូលដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលជាគោលដៅនៃការវាយប្រហារនេះនោះទេ។
អឌ្ឍចន្ទក្រហមអ៊ីរ៉ង់បាននិយាយថា មនុស្សយ៉ាងហោចណាស់២០១ នាក់នៅទូទាំងប្រទេសត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដោយមានអ្នករងរបួសចំនួន ៧៤៧ នាក់។
មន្ត្រីកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅទីក្រុងហ្សឺណែវបាននិយាយថា សមាគមបានចល័តក្រុមឆ្លើយតបដើម្បីទៅកាន់សាលារៀនបន្ទាប់ពីឧបទ្ទវហេតុនេះ។
មន្ត្រីម្នាក់បាននិយាយថា សាលារៀននេះ ស្ថិតនៅក្នុងទីក្រុង Minab ក្នុងខេត្ត Hormozgan ត្រូវបាន វាយប្រហារដោយមីស៊ីលចំនួនបីគ្រាប់៕


