មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei )ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍២៨កុម្ភៈសប្ដាហ៍នេះ។ លោកមានវ័យ៨៦ ឆ្នាំ លោកបានកើតនៅខែកក្កដា ឆ្នាំ១៩៣៩ ក្នុងគ្រួសារអ្នកកាន់សាសនាមួយនៅក្នុងទីក្រុង Mashhad ដ៏ពិសិដ្ឋរបស់មូស្លីមនិកាយស៊ីអ៊ីត នៅភាគឦសានប្រទេសអ៊ីរ៉ង់ និងបានចូលរៀននៅសាលាទ្រឹស្ដីសាសនា។
ក្នុងអំឡុងពេលកាន់អំណាចរយៈពេល៣៦ ឆ្នាំរបស់លោក លោក អាលី ខាមីណេ នៅតែប្រកាន់ជំហរដោយមិនងាករេប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីកែទម្រង់ និងនាំអ៊ីរ៉ង់ចូលទៅក្នុងសតវត្សរ៍ទី២១។
លោកប្រធានាធិបតី Trump បានប្រកាសពីការស្លាប់របស់មេដឹកនាំអ៊ីរ៉ង់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយថា លោកអាលី ខាមីណេ មិនអាចគេចផុតពីចារកម្មសម្ងាត់ និងការឃ្លាំមើលរបស់សហរដ្ឋអាមេរិកបានទេ។ ប្រភពមួយដែលត្រូវបានជូនដំណឹងអំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន NPR កាលពីព្រឹកថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាតូឡា អាលី ខាមីណេ ។
ក្រោយមកទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថាមេដឹកនាំកំពូលរបស់ខ្លួន លោក អាយ៉ាតូឡា អាលី ខាមីណេ បានទទួលមរណភាពក្នុងកាវាយប្រហារបស់អាមេរិកនិងអ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដដែលក៏បានប្រកាសផងដែរថា អ៊ីរ៉ង់បានប្រកាសកាន់មរណទុក្ខជាសាធារណៈរយៈពេល៤០ ថ្ងៃ។
លោក Trump អបអរសាទរការស្លាប់របស់មេដឹកនាំអ៊ីរ៉ង់ ដោយនិយាយថាការវាយប្រហារនឹងបន្ត៕