បណ្ដាមេដឹកនាំពិភពលោកបានបង្ហាញប្រតិកម្ម ក្ដីបារម្ភ និងជំរុញឲ្យបញ្ចប់ការប្រយុទ្ធគ្នា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់និងសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន។
ការចាប់ផ្តើមនៃ "ប្រតិបត្តិការ Epic Fury" ដែលបានកើតឡើងបន្ទាប់ពីការគំរាមកំហែងជាច្រើនសប្តាហ៍ពីប្រធានាធិបតី Trump លើកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនៅមជ្ឈិមបូព៌ាមួយនេះ បាននាំឱ្យមានការគាំទ្រពីសម្ព័ន្ធមិត្ត ប៉ុន្តែក៏បានបង្កឱ្យមានការព្រួយបារម្ភខ្លាំងក្នុងប្រទេសជាច្រើនក្នុងតំបន់អំពីលទ្ធភាពនៃជម្លោះកាន់តែរីកធំ ផងដែរ។
រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr al-Busaidi ដែលបានដឹកនាំការចរចាដោយប្រយោលរវាងអាមេរិក-អ៊ីរ៉ង់រយៈពេលប៉ុន្មានខែថ្មីៗនេះ បាននិយាយថា លោកមានការ "ខកចិត្ត" ចំពោះព័ត៌មាននេះនិងជំរុញឲ្យបញ្ចប់ការប្រយុទ្ធគ្នា។ ក្រសួងការបរទេសចិនបានសម្តែងការព្រួយបារម្ភចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់ជៀសវាងការកើនឡើង និងបន្តការសន្ទនា និងការចរចា។
យោងតាមសារព័ត៌មានAP រុស្ស៊ីក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ ហើយបានអំពាវនាវឱ្យវិលត្រឡប់ទៅរកការទូតវិញ។លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ក្នុងការបង្ហោះលើបណ្ដាញសង្គមX បានហៅការវាយប្រហារលើអ៊ីរ៉ង់ថា "គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង" និងជំរុញឲ្យបញ្ចប់ការប្រយុទ្ធគ្នា។
ប្រធានាធិបតីបារាំង Emmanuel Macron បានព្រមានអំពី "ផលវិបាកធ្ងន់ធ្ងរសម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ" បន្ទាប់ពីការវាយប្រហារនេះ ដោយបានអំពាវនាវឱ្យមាន "កិច្ចប្រជុំបន្ទាន់" របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា រដ្ឋាភិបាលលោកកំពុងតាមដានស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ "យ៉ាងដិតដល់" ហើយបានជំរុញឱ្យជនជាតិកាណាដាដែលកំពុងស្ថិតនៅក្នុងប្រទេសនេះ ជម្លៀសទៅកាន់ទីមានសុវត្ថិភាព៕



