នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសៅរ៍២៨កុម្ភៈសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានជំរុញឱ្យអង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខ ចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់ "ការប្រើប្រាស់កម្លាំងខុសច្បាប់" ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងលិខិតនោះ លោក Araghchi បាននិយាយថា កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ដោយបើកការវាយប្រហារលើទីតាំងការពារ និងទីតាំងស៊ីវិលលើទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់។ លោកបានកំណត់សកម្មភាពទាំងនេះថាជាការរំលោភបំពានយ៉ាងច្បាស់លាស់លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងអ៊ីរ៉ង់។
លិខិតនោះបានព្រមានថា មូលដ្ឋាន សម្ភារៈ និងទ្រព្យសម្បត្តិទាំងអស់របស់កងកម្លាំងអរិភាពនៅក្នុងតំបន់គួរតែត្រូវបានចាត់ទុកថាជាគោលដៅយោធាស្របច្បាប់ក្នុងវិសាលភាពនៃការអនុវត្តសិទ្ធិការពារខ្លួនស្របច្បាប់របស់អ៊ីរ៉ង់។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គួរតែទទួលខុសត្រូវទាំងស្រុង និងដោយផ្ទាល់ចំពោះផលវិបាកទាំងអស់ដែលកើតចេញពីសកម្មភាពរបស់ពួកគេ រួមទាំងការកើនឡើងនៃភាពតានតឹងផងដែរ៕



