សារព័ត៌មាន CBS បានរាយការណ៍ដោយសំអាងប្រភពនានាមិនបញ្ជាក់អត្តសញ្ញាណ ថាក្រុមមន្ត្រីអ៊ីរ៉ង់ ជាង៤០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក ។
សារព័ត៌មាន Fox News ដោយសំអាងដល់សម្ដីក្រុមមន្ត្រីអ៊ីស្រាអែល ក៏បាននិយាយផងដែរថា ការវាយប្រហារកាលពីថ្ងៃសៅរ៍បានសម្លាប់មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខ និងរដ្ឋាភិបាលអ៊ីរ៉ង់ជាង ៤០នាក់ ដោយកត់សម្គាល់ថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ចន្លោះ ៥ ទៅ ១០នាក់ ត្រូវបានសម្លាប់ រួមជាមួយមេដឹកនាំកំពូលលោក Ayatollah Ali Khamenei ដែលកំពុងជួបប្រជុំគ្នានៅបរិវេណមួយក្នុងទីក្រុងតេអេរ៉ង់។
កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលប្រកាសពីការស្លាប់របស់លោក Khamenei ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា យុទ្ធនាការយោធាដ៏ធំប្រឆាំងអ៊ីរ៉ង់នឹងបន្ត។
លោក Trump បាននិយាយក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទោះជាយ៉ាងណាក៏ដោយ ការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ និងច្បាស់លាស់នឹងបន្ត ដោយគ្មានការរំខានពេញមួយសប្តាហ៍ ឬករណីចាំបាច់៕



