អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានអំពាវនាវឱ្យបញ្ឈប់អរិភាពជាបន្ទាន់បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលពួតដៃគ្នាវាយប្រហារបំបាក់អ៊ីរ៉ង់ ដោយនិយាយថា នេះនឹងនាំជម្លោះដែលមានទំហំធំស្រាប់ បង្កអស្ថិរភាពកាន់តែខ្លាំងថែមទៀតនៅក្នុងតំបន់។
លោក Guterres បានថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសៅរ៍២៨ កុម្ភៈ សប្ដាហ៍នេះថា លោកមានការសោកស្តាយយ៉ាងខ្លាំងដែលឱកាសសម្រាប់ការទូតនេះត្រូវបានរលាយ។តំបន់ និងពិភពលោកត្រូវការផ្លូវចេញឥឡូវនេះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានថ្កោលទោសការវាយប្រហារដោយនិយាយថា វានឹងនាំឱ្យមានការកើនឡើងបន្ថែមទៀតនៅក្នុងតំបន់ដែលមានភាពតានតឹងរួចទៅហើយ។
អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការវាយប្រហារ ដោយបាញ់មីស៊ីលទៅលើអ៊ីស្រាអែល និងទៅលើសម្ព័ន្ធមិត្តអារ៉ាប់ឈូងសមុទ្រជាច្រើនរបស់សហរដ្ឋអាមេរិក ដែលជាទីតាំងមូលដ្ឋានទ័ពអាមេរិក ហើយក្រុមហ៊ុនអាកាសចរណ៍សកល បានលុបចោលជើងហោះហើរនៅទូទាំងមជ្ឈិមបូព៌ា៕