ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានជំរុញឲ្យបណ្ដាមេដឹកនាំនៃប្រទេសអ៊ីស្លាម ជួយសម្រុះសម្រួលក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោក Imran Khan បានថ្លែងនៅពេលចាប់ផ្ដើមសម័យប្រជុំរយៈពេល ២ថ្ងៃនៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាមចំនួន ៥៧ប្រទេសក្នុងទីក្រុងអ៊ីស្លាម៉ាបាត។

នេះគឺជាលើកទី១ ហើយដែលរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានចូលរួម។ លោក Imran Khan បានក្រើនរំលឹកថា សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនអាចមានផលវិបាកធំធេងសម្រាប់ពិភពលោក។ លោកបានជំរុញឲ្យរដ្ឋមន្ត្រីទាំងអស់ជួយសម្រុះសម្រួល និងព្យាយាមនាំយកបទឈប់បាញ់នៅប្រទេសនេះ។ វត្តមានរបស់លោក Wang Yi បានគូសបញ្ជាក់ពីឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ក្នុងចំណោមប្រទេសអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម ព្រមទាំងការត្រៀមខ្លួនជាស្រេចរបស់អង្គការអ៊ីស្លាម ដើម្បីពិនិត្យមើលការវាយប្រហារដោយអាជ្ញាធរចិន លើជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័ររបស់ប្រទេស។
លោក Khan បាននិយាយលើកឡើងជាថ្មី នូវការអង្វររបស់លោកដល់សហគមន៍អន្តរជាតិ ជួយដល់ប្រទេសអាហ្វហ្គានីស្ថានដែលកំពុងតស៊ូក្នុងការដួលរលំសេដ្ឋកិច្ច និងកង្វះស្បៀងអាហារ និងថ្នាំពេទ្យ ចាប់តាំងពីក្រុមតាលីបង់ដណ្ដើមកាន់កាប់ប្រទេសកាលពីពាក់កណ្ដាលខែសីហាឆ្នាំមុន៕
អត្ថបទ៖ ប៊ុនថន