បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននៅតែមានការសង្ស័យថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមមួយនេះ ប្រហែលជាមិនអាចនាំឱ្យមានការផ្លាស់ប្តូររបបក្នុងពេលដ៏ខ្លីខាងមុខនេះបានទេ។

នៅមុនពេល និងក្រោយពេលចាប់ផ្តើមការវាយប្រហារ ក្រុមមន្ត្រីអាមេរិក រួមទាំងលោកប្រធានាធិបតីអាមេរិក Donald Trump ផ្ទាល់បានលើកឡើងថា ការផ្តួលរំលំប្រព័ន្ធគ្រប់គ្រងដ៏ឃោរឃៅរបស់អ៊ីរ៉ង់ គឺជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើនរបស់អាមេរិក បន្ថែមពីលើការបំផ្លាញកម្មវិធីមីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
មន្ត្រីអាមេរិក ៣នាក់ដែលដឹងពីចារកម្ម បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេសង្ស័យយ៉ាងខ្លាំងថា ក្រុមប្រឆាំងរបស់អ៊ីរ៉ង់ ប្រហែលមិនអាចផ្តួលរំលំប្រព័ន្ធគ្រប់គ្រងបែបសាសនានិងផ្តាច់ការ ដែលមានតាំងពីឆ្នាំ១៩៧៩ មកនោះបានភ្លាមៗទេ។ យ៉ាងណាក៏ដោយ មន្ត្រីទាំងនោះក៏មិនច្រានចោលទាំងស្រុងនូវលទ្ធភាពនៃការដួលរលំរបស់រដ្ឋាភិបាលអ៊ីរ៉ង់ដែរ ខណៈបច្ចុប្បន្ន អ៊ីរ៉ង់កំពុងរងការខាតបង់ផ្នែកបុគ្គលិកសំខាន់ៗពីការវាយប្រហារតាមអាកាសរបស់អាមេរិក និងអ៊ីស្រាអែល។
ប្រភពសង្កត់ធ្ងន់ថា ក៏ប៉ុន្តែការដួលរលំនៃរបបហាក់ដូចជានៅឆ្ងាយបន្តិច ឬទំនងជាមិនអាចទៅរួចឡើយក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ កាលពីថ្ងៃសៅរ៍ រ៉យទ័របានរាយការណ៍ថា ការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្ម CIA របស់អាមេរិក ដែលបានដាក់ជូនទៅសេតវិមានរយៈពេលប៉ុន្មានសប្តាហ៍មុនការវាយប្រហារលើអ៊ីរ៉ង់ បានសន្និដ្ឋានថា ប្រសិនបើលោក Khamenei ត្រូវបានសម្លាប់ តំណែងមេដឹកនាំកំពូលអាចត្រូវបានជំនួសដោយឥស្សរជនប្រកាន់ជំហរតឹងរ៉ឹង មកពីកងឆ្មាំបដិវត្តន៍អ៊ិស្លាម ឬក៏បព្វជិតជាន់ខ្ពស់នៃរដ្ឋាភិបាលអ៊ីរ៉ង់ ដែលមាននិន្នាការតឹងរ៉ឹងដូចគ្នានោះ៕

