ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ថា មេដឹកនាំ ៤៨ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់។

លោកត្រូវបានគេដកស្រង់សម្តីនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា «វាកំពុងដំណើរការទៅមុខ វាកំពុងដំណើរការទៅមុខយ៉ាងឆាប់រហ័ស។ គ្មាននរណាម្នាក់អាចជឿលើភាពជោគជ័យដែលយើងកំពុងមាននោះទេ។ មេដឹកនាំ៤៨នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហារ ហើយវាកំពុងដំណើរការទៅមុខយ៉ាងឆាប់រហ័ស»។

នៅក្នុងបទសម្ភាសន៍មួយផ្សេងទៀតជាមួយ The Atlantic លោក Trump កាលពីថ្ងៃអាទិត្យបាននិយាយថា លោកនឹងចរចាជាមួយមេដឹកនាំអ៊ីរ៉ង់ ប៉ុន្តែមានភាពមិនច្បាស់លាស់អំពីពេលវេលា និងបាននិយាយថា មេដឹកនាំភាគច្រើនរបស់ប្រទេសនេះបានស្លាប់។
លោក Trump បាននិយាយនៅពេលដែលកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បន្តធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ថា «ពួកគេចង់ចរចា ហើយខ្ញុំបានព្រមព្រៀងចរចា ដូច្នេះខ្ញុំនឹងនិយាយទៅកាន់ពួកគេ។ ពួកគេនឹងធ្វើ ឱ្យបានកាន់តែលឿន»។
ដោយនិយាយសំដៅទៅលើមេដឹកនាំអ៊ីរ៉ង់ ដែលបានចរចាជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកខាងលិចដទៃទៀតរយៈពេលជាច្រើនឆ្នាំមកហើយនោះ លោក Trump បាននិយាយថា «មនុស្សភាគច្រើនបានស្លាប់ហើយ»។
នៅប្រទេសអ៊ីរ៉ង់ ប្រធានាធិបតី លោក Masoud Pezeshkian បាននិយាយថា ក្រុមប្រឹក្សាដឹកនាំដែលមានសមាសភាពនៃខ្លួនលោកផ្ទាល់ ប្រធានតុលាការ និងសមាជិកក្រុមប្រឹក្សាដ៏មានឥទ្ធិពល បានបន្តភារកិច្ចជាមេដឹកនាំកំពូលជាបណ្តោះអាសន្ន បន្ទាប់ពីការស្លាប់របស់លោក Ayatollah Ali Khamenei។