តារាងចំណាត់ថ្នាក់ ក្នុងចំណោមក្រុមខាងក្រោមទាំង ៥ ឬ Bottom 5 មានការផ្លាស់ប្ដូរ ក្រោយចាប់ផ្ដើមការប្រកួតដំណាក់កាលទី២ បន្ទាប់ពីក្រុម ISI ដង្កោសែនជ័យ បានស្គាល់ជ័យជម្នះលើកដំបូង លើក្រុមឡាយហ្វខេត្តព្រះសីហហនុ ក្នុងរដូវកាលនេះ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ បន្ដចាញ់ក្រុមគិរីវង់សុខសែនជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។

បន្ទាប់ពីរងបរាជ័យក្នុងដី ១-០ មុនបន្ដចាញ់ក្រៅដី ២-១ ទីបំផុតក្រុម ISI ដង្កោសែនជ័យ បានស្គាល់ជ័យជម្នះលើក្រុមឡាយហ្វខេត្តព្រះសីហនុ ដោយលទ្ធផល ៤-២ ក្នុងជំនួបបើកឆាកជុំទី៣ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅកីឡដ្ឋានឡាយហ្វ។ ៤គ្រាប់ ដែលជួយឲ្យក្រុមដំរីជ័យ ស្គាល់ជ័យជម្នះលើក្រុមមានមូលដ្ឋាននៅខេត្តព្រះសីហនុនេះ រកបានដោយកីឡាករ Diakite Lancine និង Bruno ម្នាក់ ២គ្រាប់ គ្រាដែល ២គ្រាប់របស់ឡាយហ្វ រកបានដោយកីឡាករ Kim Hyeon Su ទាំង ២គ្រាប់ផងដែរ។

ចំណែកក្រុមកងយោធពលខេមរភូមិន្ទ ដែលធ្លាប់ឈ្នះគិរីវង់ ២-០ កាលពីជើងទី១ បានភ្លាត់ចាញ់ ២ប្រកួតជាប់គ្នា ក្រោយរងបរាជ័យក្នុងដី ៤-០ កាលពីជើងទី២ មុនបន្ដចាញ់ ៣-២ ក្នុងជំនួបជើងទី៣ នៅទឹកដីខេត្តតាកែវ កាលពីចុងសប្ដាហ៍កន្លងទៅ។ ៣គ្រាប់ ដែលជួយឲ្យក្រុមមាន់គក ទទួលបាន ៣ពិន្ទុបន្ថែមនេះ រកបានដោយកីឡាករ Azike Ekene Victor, Louis Willy និង ហ៊ុយ សុភារៈ ម្នាក់ ១គ្រាប់ ខណៈ ២គ្រាប់របស់ក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ រកបានដោយ ខន ណារ៉ង និង យឹម កក្កដា។

ជាមួយលទ្ធផលការប្រកួតបើកឆាកដំណាក់កាលទី២ រវាងបេក្ខភាព Bottom-5 នេះ គេឃើញតារាងពិន្ទុ មានការផ្លាស់ប្ដូរ ដោយក្រុមគិរីវង់សុខសែនជ័យ បានឡើងមកឈរលេខ៨ មាន ១៧ពិន្ទុ គ្រាដែលកងយោធពលខេមរភូមិន្ទ បានធ្លាក់ទៅឈរលេខ៩ មាន ១៧ពិន្ទុស្មើគ្នា គ្រាដែលក្រុម ISI ដង្កោសែនជ័យ បានឡើងមកឈរលេខ១០ រកបាន ១២ពិន្ទុ លើក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលធ្លាក់ទៅឈរបាតតារាងវិញ ដោយរក្សា ១០ពិន្ទុក្នុងដៃ៕ អត្ថបទ លី ឈុនឡា

