ក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា បានសន្យាថានឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការ «ប្រឈមមុខចំពោះការឈ្លានពាន» បន្ទាប់ពីការវាយប្រហារដោយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ក្រុមដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានចូលរួមរំលែកទុក្ខចំពោះលោក Khamenei ដែលត្រូវបានសម្លាប់រួមជាមួយមេដឹកនាំអ៊ីរ៉ង់ផ្សេងទៀត នៅក្នុងការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍។

ក្រុមនេះបាននិយាយថា «ការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល ដែលបានដាក់គោលដៅទៅលើអ្នកការពាររបស់យើង មេដឹកនាំរបស់យើង មេដឹកនាំប្រទេសជាតិ លោក Khamenei រួមជាមួយក្រុមមេដឹកនាំ មន្ត្រី និងកូនប្រុសស្លូតត្រង់របស់ប្រជាជនអ៊ីរ៉ង់ បង្ហាញពីកម្រិតឧក្រិដ្ឋកម្មខ្ពស់បំផុត»។
សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា «យើងនឹងបំពេញកាតព្វកិច្ចរបស់យើងក្នុងការប្រឈមមុខចំពោះការឈ្លានពាន ដោយមានទំនុកចិត្តលើជ័យជម្នះ ការណែនាំ និងការគាំទ្ររបស់ព្រះ Allah មិនថាការលះបង់ធំប៉ុណ្ណានោះទេ យើងនឹងមិនបោះបង់ចោលការតស៊ូឬការប្រឈមមុខប្រឆាំងរបបផ្តាច់ការរបស់អាមេរិក និងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ដើម្បីការពារទឹកដី សេចក្តីថ្លៃថ្នូរ និងជម្រើសឯករាជ្យរបស់យើងឡើយ»។
រហូតមកដល់ពេលនេះ ក្រុមហេសបូឡា ដែលធ្វើប្រតិបត្តិការជាកងកម្លាំងប្រដាប់អាវុធឯករាជ្យភាគច្រើននៅក្នុងប្រទេសលីបង់ មិនទាន់បានចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែល ឬទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅឡើយទេ ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។