ក្នុងរយៈពេលមិនដល់ ១០០ ថ្ងៃទៀត សហរដ្ឋអាមេរិកនឹងធ្វើជាសហម្ចាស់ផ្ទះបាល់ទាត់ពិភពលោកដែលអ៊ីរ៉ង់ក៏នឹងមានវត្តមានប្រកួតផងដែរ។
កាលពីថ្ងៃទី ២៨ កុម្ភៈកន្លងទៅ សហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់ជាផ្នែកមួយនៃប្រតិបត្តិការរួមគ្នាជាមួយអ៊ីស្រាអែល ដោយបង្កឱ្យមានការវាយប្រហារសងសឹកនៅទូទាំងមជ្ឈិមបូព៌ា។
ដូច្នេះតើជម្លោះអាចមានន័យយ៉ាងណាសម្រាប់អ៊ីរ៉ង់ សម្រាប់ FIFA និងសម្រាប់អ្វីដែលបានកំណត់រួចជាស្រេចដើម្បីក្លាយជា World Cup មួយដែលអាចលុបបំបាត់វិបត្តិនយោបាយច្របូកច្របល់នេះ?
តើអ៊ីរ៉ង់នឹងនៅតែអាចបង្ហាញខ្លួននៅ World Cup បានដែរ រឺយ៉ាងណា?
អ៊ីរ៉ង់ស្ថិតនៅក្នុងពូលរួចជាស្រេច ដែលវានឹងក្លាយជាការបង្ហាញខ្លួននៅ World Cup ៤ ព្រឹត្តិការណ៍ជាប់គ្នា ដែលពួកគេនឹងត្រូវជួបជាមួយ នូវែលស៊ែឡង់ ប៊ែលហ្ស៊ិក នៅទីក្រុង Los Angeles និងចុងក្រោយជួបអេស៊ីបនៅ Seattle។
អ៊ីរ៉ង់មិនបានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ឡើយ ថ្វីបើអាមេរិកបានទម្លាក់គ្រាប់បែកបំផ្លាញទីតាំងផលិតគ្រាប់នុយក្លេអែធំៗបីកន្លែងនៅក្នុងប្រទេស តែប្រធានសហព័ន្ធបាល់ទាត់អ៊ីរ៉ង់នៅពេលនេះ ត្រូវបានគេដឹងថាកំពុងស្រពិចស្រពិលសម្រាប់ការចូលរួម តាមរយៈសង្គ្រាមពេញទីនៅពេលនេះ។
ប៉ុន្តែបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei និងចំពេលមានភាពមិនប្រាកដប្រជាអំពីទិដ្ឋភាពនយោបាយនាពេលអនាគតនៅក្នុងប្រទេសបែបនេះ ការសម្រេចចិត្តបែបណា ហើយនរណាជាអ្នកសម្រេចចិត្ត កំពុងស្ថិតក្នុងទីងងឹត។
FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក បាននិងកំពុងតាមដានការវិវឌ្ឍន៍ស្ថានការជាក់ស្តែង ប៉ុន្តែក្នុងដំណាក់កាលនេះ ក្រុមមន្ត្រីកំពុងនិយាយជាឯកជនថា ពួកគេរំពឹងថា អ៊ីរ៉ង់នឹងនៅតែចូលរួម World Cup ខណៈអគ្គលេខាធិកា FIFA លោក Mattias Grafstrom បាននិយាយថា "ការផ្តោតអារម្មណ៍របស់យើងគឺដើម្បីឱ្យមានការប្រកួតបាល់ទាត់ពិភពលោកប្រកបដោយសុវត្ថិភាពសម្រាប់អ្នកគ្រប់គ្នាដែលចូលរួម"។
ចុះភាគីម្ចាស់ផ្ទះ សហរដ្ឋអាមេរិកនឹងគិតបែបនេះ?
ប្រធានាធិបតីអាមេរិក Donald Trump កាលពីឆ្នាំមុនបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលហាមប្រាមជនជាតិមកពីប្រទេសចំនួន ១២ រួមទាំងអ៊ីរ៉ង់ មិនឱ្យចូលសហរដ្ឋអាមេរិក ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការគំរាមកំហែងផ្នែកសន្តិសុខ តែកីឡាករ និងបុគ្គលិកគ្រូបង្វឹកត្រូវបានលើកលែង។
ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ចូលរួម ពេលនេះទំនងជានឹងមានការត្រួតពិនិត្យបន្ថែមទៀតលើសុវត្ថិភាពជុំវិញការប្រកួតរបស់ក្រុម និងមូលដ្ឋានហ្វឹកហ្វឺនហ្វឹកហាត់របស់អ៊ីរ៉ង់ដែលគ្រោងរៀបចំឱ្យនៅរដ្ឋអារីហ្សូណា។
កន្លងមកការប្រកួតរបស់អ៊ីរ៉ង់កាលពីនៅ World Cup ២០២២ នៅប្រទេសកាតា បូករួមទាំងការប្រកួតរបស់អ៊ីរ៉ង់ទល់នឹងអាមេរិក ត្រូវបានរៀបចំឡើងធម្មតា តែនៅពីក្រោយខ្នងមានការបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលពួកគេនៅប្រទេសអ៊ីរ៉ង់។
ក្នុងអំឡុងពេលប្រកួតទីពីររបស់ពួកគេជាមួយនឹងក្រុមវេលស៍ មានការប្រឈមមុខដាក់គ្នារវាងអ្នកគាំទ្រជាមួយនឹងទស្សនៈប្រឆាំងអំពីរដ្ឋាភិបាលអ៊ីរ៉ង់ ហើយបានផ្តល់ក្តីសង្ឃឹមរបស់លោក Trump សម្រាប់ការផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយវាអាចទៅរួចទៀត ដែលសេណារីយ៉ូស្រដៀងគ្នានេះអាចនឹងកើតឡើងនៅ World Cup ឆ្នាំនេះ។
ប៉ុន្តែទោះបីជាអ៊ីរ៉ង់អវត្តមានក៏ដោយ ភាពតានតឹងអាចកើនឡើង ជាពិសេសព្រឹត្តិការណ៍នេះ ក៏ជាវេទិកាប្រារព្ធខួបលើកទី ២៥០ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ហើយលោក Trump ត្រូវបានគេរំពឹងថានឹងមានវត្តមានដូចដែលលោកចូលរួម Club World Cup និង Ryder Cup កាលពីឆ្នាំមុន។
តើការផ្តល់កិត្តិយស មេដាយសន្តិភាពរបស់ FIFA ដល់លោក Donald Trump មានន័យដូចម្តេច?
កាលពីខែធ្នូឆ្នាំមុន FIFA បានផ្តល់មេដាយសន្តិភាពដល់លោក Trump នៅក្នុងពិធីចាប់ឆ្នោត World Cup ឆ្នាំ ២០២៦ នេះដោយនិយាយថាលោកប្រធានាធិបតីបានដើរតួនាទីសំខាន់ ក្នុងការបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន រួមជាមួយនឹងជម្លោះផ្សេងទៀតជុំវិញពិភពលោក
តែក្នុងរយៈពេលពីរបីសប្តាហ៍ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកបានចាត់វិធានការយោធានៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា នីហ្សេរីយ៉ា និងអ៊ីរ៉ង់ ហើយធ្លាប់បង្ហើបពីគម្រោងប្រតិបត្តិការបន្ថែមទៀតដែលអាចធ្វើទៅបាននៅហ្គ្រីនលែន មិត្តរួមម្ចាស់ផ្ទះ World Cup ម៉ិកស៊ិក និងកូឡុំប៊ី ហើយកាលពីខែមករា លោក Trump ក៏បានប្រាប់គុយបាឱ្យ "ធ្វើកិច្ចព្រមព្រៀង" ឬប្រឈមមុខនឹងផលវិបាក។
លោក Trump បានការពារគោលនយោបាយការបរទេសរបស់លោកយ៉ាងខ្លាំងក្លា ដោយទទូចថា លោកកំពុងធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
ការសម្រេចចិត្តរបស់លោក Trump ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ បានទទួលទាំងការគាំទ្រ និងការថ្កោលទោស ប៉ុន្តែអ្វីដែលប្រាកដនោះគឺវានឹងនាំឱ្យមានការពិនិត្យមើលបន្ថែមទៀតលើការសម្រេចចិត្តរបស់ FIFA ដែលនឹងក្លាយជាការសម្រេចចិត្តប្រយ័ត្នប្រយ៉ែងបំផុតលើស្ថានការផុយស្រួយបែបនេះ។
តាមពិតទៅ World Cup ពីមួយព្រឹត្តិការណ៍ទៅមួយព្រឹត្តិការណ៍ FIFA តែងតែប្រឈមនឹងបញ្ហាធំដែលត្រូវប្រឈម។
នៅឆ្នាំ ២០១៨ World Cup នៅតែរៀបចំនៅប្រទេសរុស្ស៊ី ទោះបីជាប្រទេសនេះបានបញ្ចូលគ្រីមៀកាលពី ៤ ឆ្នាំមុនក៏ដោយ។ រុស្សីក៏ត្រូវបានចោទប្រកាន់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែត ដោយបានជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។
រុស្ស៊ីត្រូវបានហាមឃាត់ដោយ FIFA ក្នុងឆ្នាំ ២០២២ ជុំវិញការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន បន្ទាប់ពីប្រទេសមួយចំនួននៅអឺរ៉ុបបដិសេធមិនប្រកួតប្រជែងជាមួយ។
ប៉ុន្តែថ្មីៗនេះ Infantino បាននិយាយថា ការដាក់ទណ្ឌកម្មមិនមានប្រសិទ្ធភាពទេ ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនមិនបញ្ចប់ ហើយលោកចង់លើកលែងបម្រាមនេះ។ គេមិនឃើញសញ្ញាណណាមួយដែល FIFA គ្រោងដាក់បម្រាមក្រុមបាល់ទាត់អាមេរិកឡើយ យ៉ាងណាក្តីវាគឺជានយោបាយដ៏ច្របូកច្របល់សម្រាប់ FIFA ខ្លួនឯង និងជានយោបាយដ៏ស្មុគស្មាញសម្រាប់ពិភពលោកទាំងមូល៕
អត្ថបទ៖នាង សុភាវុធ

