រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio នឹងបើកកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីជម្រាបជូនថ្នាក់ដឹកនាំនៃព្រឹទ្ធសភា និងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក វេលាម៉ោង ៤:០០ រសៀល នៅថ្ងៃចន្ទ ទី២ ខែមីនា នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) នេះបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ សម្អាងដល់កាលវិភាគសាធារណៈរបស់លោក Rubio បន្ទាប់ពីការវាយប្រហាររួមគ្នាយ៉ាងខ្លាំងក្លារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។

យ៉ាងណាមិញ កាលបរិច្ឆេទនៃកិច្ចប្រជុំសភានោះហាក់មានភាពផ្ទុយគ្នា ដោយសារព័ត៌មាន The Hill បានរាយការណ៍ដោយសម្អាងដល់អនុរដ្ឋមន្ត្រីក្រសួងកិច្ចការសាធារណៈសកលរបស់អាមេរិកថា ក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក Trump ព្រមទាំងលោក Rubio ផងដែរ នឹងរាយការណ៍ជូនសភាទាំងពីរនៅថ្ងៃអង្គារ ទី៣ ខែមីនា ស្អែកនេះ (ពេលវេលានៅអាមេរិក) ស្តីពីការវាយប្រហារដែលកំពុងបន្តរបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ស្របពេលមានការជំទាស់យ៉ាងទូលំទូលាយពីបក្សប្រជាធិបតេយ្យលើប្រតិបត្តិការនេះ និងការគាំទ្រយ៉ាងទូលំទូលាយពីបក្សសាធារណរដ្ឋ។
កិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់សមត្ថភាពរបស់ប្រធានាធិបតីអាមេរិក ក្នុងការអនុវត្តសកម្មភាពយោធាជាបន្តបន្ទាប់នៅអ៊ីរ៉ង់ កំពុងក្លាយជារឿងបន្ទាន់ថ្មីមួយសម្រាប់សភាទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារដែលមានគោលបំណងផ្តួលរំលំរបបនេះ។ គួរឱ្យដឹងថា ការវាយប្រហារលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍កន្លងទៅ បានធ្វើឡើងដោយពុំមានការអនុញ្ញាតពីសភាអាមេរិកនោះទេ នេះបើយោងតាមសេចក្ដីរាយការណ៍៕

