បន្ទាយមានជ័យ ៖ សិស្សសាលាចំនួនប្រមាណ២០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងគ្លីនិកនានា នៅក្បែនោះ ខណៈហេតុការណ៍ដួលសន្លប់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩និង៣០ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាមលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុក មង្គលបូរី ដែលបានប្រាប់ទូរទស្សន៍ប៊ីធីវី នារសៀលថ្ងៃនេះ។
លោកអភិបាលស្រុក បានឲ្យដឹងទៀតថា មូលហេតុដែលបង្កឲ្យមានសិស្សសាលាដួលសន្លប់ជាបន្តបន្ទាប់នេះ ដោយសារតែអាកាសធាតុមានការក្តៅខ្លាំង ហបខ្យល់ទើបបណ្តាល ឲ្យសិស្សដែលកំពុងតែរៀនមានអាការៈថប់ដួលសន្លប់តែម្តង ខណៈសិស្សខ្លះ បានឃើញអាការៈ យ៉ាងបែបនេះក៏បានដួលហើយយំបន្តគ្នា សិស្សខ្លះទៀតបានដួលសន្លប់មួយសន្ទុះក៏បានធូរស្បើយវិញ ដោយនៅសល់តែ២០នាក់ប៉ុណ្ណោះដែលមានលក្ខណៈសន្លប់ខ្លាំង ហើយពួកគាត់កំពុងបន្តសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ក្លីនីក និងមណ្ឌលសុខភាពក្បែរសាលារៀននោះ។
លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន សិស្សដួលសន្លប់យ៉ាងដូច្នេះ លោកក៏បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗផងដែរ ដើម្បីជួយអន្តរាគមន៍បញ្ជូនសិស្សានុសិស្សទៅមន្ទីរពេទ្យ ដោយខ្លះដឹកតាមម៉ូតូទៅមន្ទីរពេទ្យ និងគ្លីនិកក្បែរ និងបានបញ្ជូនទៅមន្ទីរពេទ្យមង្គលបូរីមួយចំនួននាក់។
យ៉ាងណាក៏ដោយ លោកអភិបាលស្រុក បានបញ្ជាក់ថា ករណីនេះ មិនបណ្តាលឲ្យសិស្សានុសិស្សណាមានអាការៈធ្ងន់ធ្ងរនោះឡើយ ហើយរហូតមកទល់ម៉ោង១២ថ្ងៃត្រង់នេះ សិស្សដែលបានដួលសន្លប់ទាំង២០នាក់នោះមានអាការៈធូស្បើយ នឹងបានត្រលប់ទៅគេហដ្ឋានរៀងខ្លួនខ្លះហើយដែរ នៅសល់មួយចំនួនពេទ្យកំពុងបន្តតាមដាន ដែលអាចអនុញ្ញាតឲ្យចេញនៅរសៀលនេះផងដែរ៕
អត្ថបទ ៖ បាន ចក់




