មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សាធារណជនទូទៅ ក៏ដូចជាភាគីពាក់ព័ន្ធ ករណីជួបប្រជាពលរដ្ឋ ជាពិសេសជួបអតីតពលករកំពុងស្វែងរកការងារធ្វើ សូមជួយណែនាំឱ្យទាក់ទងទៅកាន់លេខ ១២៩២ ខណៈបច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺននាក់ កំពុងរង់ចាំ។

យោងតាមឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីកន្លងទៅនេះ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺននាក់ទៀត សម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ហើយក្នុងឆ្នាំ២០២៥ ក្រសួងបានគ្រប់គ្រងការវិលត្រឡប់របស់អតីតពលករប្រមាណ ៩៥ម៉ឺននាក់ ដោយប្រសិទ្ធភាព ហើយបានប្រែក្លាយពួកគាត់ឱ្យទៅជាកម្លាំងផលិតកម្មជាតិដ៏មានសក្តានុពល ដែលឆ្លើយតបនឹងកំណើនវិនិយោគ។
ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា អតីតពលករប្រមាណ ៣១ម៉ឺននាក់ ទទួលបានការងារក្នុងប្រព័ន្ធនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ហើយប្រមាណ ៣១ម៉ឺននាក់ផ្សេងទៀត បានទទួលការងារក្រៅប្រព័ន្ធគិតត្រឹមឆ្នាំ២០២៥ ហើយមកដល់ពេលនេះ មានរហូតដល់ទៅ៦២ម៉ឺននាក់។ ឯកឧត្តម បានគូសបញ្ជាក់ពីការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាមួយនឹងលក្ខខណ្ឌការងារ សុខដុមនីយកម្មវិជ្ជាជីវៈ និងអនុលោមតាមច្បាប់ស្ដីពីការងារកាន់តែប្រសើរ។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឆ្នាំ២០២៦ ក្នុងទិសដៅបម្រើសេវាប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកឱ្យកាន់តែល្អប្រសើរ បង្កើនល្បឿនអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានកំណត់ទិសដៅ១៩ចំណុច ព្រមទាំងផ្តល់អនុសាសន៍ដ៏មានតម្លៃដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តអនុសាសន៍ទាំង១០ចំណុច របស់សម្តេចមហាបវរធិបតី ដោយត្រូវពង្រឹង និងពង្រីកសេវាការងារ ព័ត៌មានទីផ្សារការងារ វេទិកាការងារ និងប្រព័ន្ធ Hotline ១២៩៧ដល់សាធារណជន ជាពិសេសអតីតពលករ, បន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស, បន្តរៀបចំផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេត និងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារជាទៀងទាត់ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងយន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍៕ អត្ថបទ៖ ឈិត បូរ៉ាវី


