ប្រព័ន្ធផ្សព្វផ្សាយ AP បានរាយការណ៍ដោយយោងតាមប្រភពមន្ត្រីយោធាអ៊ីស្រាអែល និងប្រភពដែលដឹងពីប្រតិបត្តិការនេះថា អាជ្ញាធរចារកម្មរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានចំណាយពេលជាច្រើនខែក្នុងការតាមដានគ្រប់សកម្មភាពរបស់បណ្ដាមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូល លោក Ayatollah Ali Khamenei ដោយចែករំលែកព័ត៌មានសម្ងាត់ ដែលអនុញ្ញាតឱ្យការវាយប្រហារត្រូវបានធ្វើឡើងភ្លាមៗដែលមិននឹកស្មានដល់ និងកំណត់គោលដៅយ៉ាងជាក់លាក់បំផុត។

បន្ទាប់ពីកាលបរិច្ឆេទត្រូវបានដាក់ចេញ ការវាយប្រហារជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ក៏បានកើតឡើងយ៉ាងរហ័ស ដែលស្ទើរតែកើតឡើងក្នុងពេលដំណាលគ្នា ជាមួយនឹងការវាយប្រហារចំនួន ៣លើក ក្នុងរយៈពេលត្រឹមតែ ១នាទីប៉ុណ្ណោះ ដោយសម្លាប់លោក Khamenei និងឥស្សរជនជាន់ខ្ពស់ប្រមាណ ៤០នាក់ រួមទាំងប្រមុខកងឆ្មាំបដិវត្តន៍ និងរដ្ឋមន្ត្រីការពារជាតិរបស់អ៊ីរ៉ង់ផងដែរ នេះបើតាមការលើកឡើងរបស់មន្ត្រីយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (១ មីនា)។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនោះបន្តថា កត្តាជាច្រើនបានបង្កើតជាឱកាសមាសមួយ ក្នុងការកម្ចាត់តំណែងថ្នាក់ដឹកនាំអ៊ីរ៉ង់ភាគច្រើន ដូចជាការហ្វឹកហ្វឺន និងតាមដានគ្រប់ជំហានរបស់ឥស្សរជនជាន់ខ្ពស់អស់ជាច្រើនសប្តាហ៍ ក៏ដូចជាចារកម្មក្នុងពេលវេលាជាក់ស្តែង មុនពេលការវាយប្រហារចាប់ផ្តើម ពោលគឺនៅពេលដែលគោលដៅសំខាន់ៗបានប្រមូលផ្តុំគ្នានៅកន្លែងតែមួយ។
មន្ត្រីរូបនោះបាននិយាយថា ការវាយប្រហារនៅពេលថ្ងៃ ក៏បានផ្តល់នូវការភ្ញាក់ផ្អើលបន្ថែមផងដែរ ហើយការវាយប្រហារធំៗ និងបាញ់ប្រហារយ៉ាងលឿនជាច្រើនលើក គឺមានសារៈសំខាន់ណាស់ ដើម្បីកុំឱ្យមន្ត្រីសំខាន់ៗរត់គេចខ្លួនបាន បន្ទាប់ពីការវាយប្រហារលើកដំបូង។ ប្រភពបន្ថែមថា អ៊ីស្រាអែលបានសហការយ៉ាងជិតស្និទ្ធជាមួយសមភាគីអាមេរិករបស់ខ្លួន ហើយបានប្រើយុទ្ធសាស្ត្រស្រដៀងគ្នានេះ នៅដើមសង្គ្រាមខែមិថុនា ឆ្នាំមុន ដែលបណ្តាលឱ្យមានការសម្លាប់ឥស្សរជនជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់៕

