បញ្ជាការកណ្តាលសហរដ្ឋអាមេរិក CENTCOM បានចេញផ្សាយវីដេអូកាលពីថ្ងៃអាទិត្យ (ទី១ ខែមីនា) បង្ហាញពីការវាយប្រហារយ៉ាងខ្លាំងក្លាដែលកំពុងបន្តលើប្រទេសអ៊ីរ៉ង់ ដោយនិយាយថា កងកម្លាំងសហរដ្ឋអាមេរិក កំពុងបន្ត ហើយនឹងនៅតែប្រតិបត្តិការប្រយុទ្ធយ៉ាងខ្លាំងក្លាបំផុត។

វីដេអូនេះបង្ហាញឱ្យឃើញយន្តហោះដែលចតចោលនៅលើដី រួមទាំងយន្តហោះចម្បាំង និងយានដ្រូន កំពុងរងការវាយប្រហារ។ នៅក្នុងសារមួយដែលភ្ជាប់ជាមួយវីដេអូនោះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុង «ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ ដែលបង្កឡើងដោយរបបអ៊ីរ៉ង់»។
បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានធ្វើឱ្យមជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោកកាន់តែមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើង ពេលនេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានជំរុញទៅមុខជាមួយនឹងយុទ្ធនាការយោធារបស់ពួកគេនៅថ្ងៃចន្ទ (២ មីនា) នេះ ដែលបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យនានា រាប់ចាប់ពីការដឹកជញ្ជូនតាមផ្លូវអាកាស រហូតដល់ប្រេង។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋបាលរំពឹងថា យុទ្ធនាការនេះនឹងមានរយៈពេលជាច្រើនថ្ងៃ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា យោធាអាមេរិក មានគម្រោងធ្វើប្រតិបត្តិការប្រកបដោយចីរភាព ដែលអាចមានរយៈពេលជាច្រើនសប្តាហ៍ ហើយលោកប្រធានាធិបតី Donald Trump ក៏បានបង្ហើបពីរយៈពេល «ច្រើនសប្ដាហ៍» ផងដែរនៃប្រតិបត្តិការសឹកនេះ៕

