ជម្លោះ រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ មិនមានសញ្ញាណាមួយបង្ហាញពីការថមថយឡើយ ដោយនៅថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះ ប្រធានសន្តិសុខរបស់ទីក្រុងតេអេរ៉ង់ បាននិយាយថា ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន គឺមិនស្ថិតនៅក្នុងការពិភាក្សានោះទេ។

ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិកំពូលដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង លោក Ali Larijani (អាលី ឡារីចានី) បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់មិនមានគម្រោងចូលរួមក្នុងការចរចាជាមួយសហរដ្ឋអាមេរិកនោះទេ។ តាមរយៈការបង្ហោះសារ នៅលើបណ្ដាញសង្គម X ដោយបដិសេធរបាយការណ៍ ដែលថា អ៊ីរ៉ង់កំពុងស្វែងរកការចាប់ផ្តើមការចរចាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោននោះ អតីតទីប្រឹក្សារបស់អតីតមេដឹកនាំកំពូលរបស់ប្រទេសរូបនេះ បានសង្កត់ធ្ងន់ថា៖ «យើងនឹងមិនមានការចរចាជាមួយសហរដ្ឋអាមេរិកទេ»។

ហើយជាមួយគ្នានេះ តាមរយៈសារមួយដែលបានសរសេរនៅមុននោះ លោកបានស្ដីបន្ទោសមេដឹកនាំអាមេរិកថា៖ «លោក Trump បានរុញតំបន់នេះឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ ជាមួយនឹងក្តីសង្ឃឹមមិនពិតរបស់លោក ហើយឥឡូវនេះ កំពុងព្រួយបារម្ភអំពីការមានការស្លាប់ និងរបួសបន្ថែមទៀតរបស់កងទ័ពអាមេរិក»។
កង្វល់ពីការកើនឡើងនូវភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា បានធ្វើឲ្យតម្លៃប្រេងហក់ឡើង ដោយប្រេងឆៅ នៅសហរដ្ឋអាមេរិក ក៏ដូចជាប្រេងឆៅម៉ាក Brent បានឡើងខ្ពស់ជាង ៨ភាគរយ មុនពេលធ្លាក់ចុះវិញខ្លះ ខណៈដែលវិនិយោគិនវាយតម្លៃហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា មនុស្សជាង ២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថា សមាជិកយោធាអាមេរិក ៣នាក់ បានបាត់បង់ជីវិត ហើយ ៥នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះដែរ ការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានធ្វើឲ្យអ៊ីរ៉ង់ស្ថិតក្នុងការផ្លាស់ប្តូរថ្នាក់ដឹកនាំដ៏រសើបមួយ ដោយក្រុមប្រឹក្សាបណ្ដោះអាសន្ន ដែលមានបព្វជិតជាន់ខ្ពស់ លោក Ayatollah Alireza Arafi និងប្រធានាធិបតី លោក Masoud Pezeshkian ស្ថិតក្នុងចំណោមអ្នកគ្រប់គ្រងប្រទេស នាពេលវេលាដ៏ច្របូកច្របល់នេះ៕

