រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រាប់សារព័ត៌មាន ABC News កាលពីថ្ងៃអាទិត្យថា គ្មានមេដឹកនាំប្រទេសណាមួយមានសិទ្ធិប្រាប់អ៊ីរ៉ង់កុំឲ្យឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសដ៏ធំសម្បើមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់នោះទេ ដោយនិយាយថា ប្រទេសរបស់លោក មានសិទ្ធិគ្រប់យ៉ាងក្នុងការការពារខ្លួន ហើយនឹងបន្តការប្រយុទ្ធ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងសារមួយកាលពីព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់មិនគួរសងសឹកឡើយ។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា៖«អ៊ីរ៉ង់ទើបតែបាននិយាយថា ពួកគេនឹងវាយប្រហារយ៉ាងខ្លាំង គឺខ្លាំងជាងអ្វីដែលពួកគេធ្លាប់វាយប្រហារពីមុនមក។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនគួរធ្វើបែបនោះទេ ពីព្រោះប្រសិនបើពួកគេធ្វើ យើងនឹងវាយប្រហារពួកគេ ដោយកម្លាំងដែលមិនធ្លាប់មានពីមុនមក!»។
ជាការឆ្លើយតប លោក Araghchi បានប្រាប់សារព័ត៌មាន ABC News ថា៖«ខ្ញុំគិតថា មេដឹកនាំប្រទេសណាមួយ មានសិទ្ធិនិយាយអំពីការការពារខ្លួន។
លោក Araghchi បាននិយាយថា៖«យើងកំពុងការពារខ្លួនយើង ហើយយើងមានសិទ្ធិគ្រប់យ៉ាង សិទ្ធិស្របច្បាប់គ្រប់យ៉ាង ដើម្បីការពារខ្លួនយើង»។ លោកបានលើកឡើងថា៖«អ្វីដែលយើងកំពុងធ្វើ គឺសកម្មភាពការពារខ្លួន។ មានភាពខុសគ្នាយ៉ាងខ្លាំងរវាងអ្នកទាំងពីរនេះ»។
លោកបានបន្ថែមថា៖«យើងកំពុងការពារខ្លួន ទោះបីជាត្រូវការអ្វីក៏ដោយ ហើយយើងមិនឃើញមានដែនកំណត់សម្រាប់ខ្លួនយើង ក្នុងការការពារប្រជាជនរបស់យើង»៕