នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានរិះគន់ធ្ងន់ៗ ចំពោះកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អំឡុងការឆ្លើយតបដោយប្រើពាក្យសម្ដីយ៉ាងប្រុងប្រយ័ត្ន ដោយជៀសវាងនូវការអត្ថាធិប្បាយ ជុំវិញថា តើទីក្រុងតូក្យូគាំទ្រការវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន លើទីក្រុងតេអេរ៉ង់ដែរ ឬទេ។

លោកស្រី Takaichi បាននិយាយនៅថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសពាក់ព័ន្ធ ហើយឆ្លើយតបតាមសភាពការណ៍ចាំបាច់ ក្នុងនោះរួមទាំងការប្រមូលព័ត៌មាន អំពីស្ថានការណ៍ផងដែរ។ ជំហរជាប់លាប់របស់យើង គឺថា ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយអ៊ីរ៉ង់ មិនត្រូវបានអនុញ្ញាតនោះទេ»។
លោកស្រីបានបញ្ជាក់ជាថ្មីថា ជប៉ុនបានគាំទ្រការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញបញ្ហានុយក្លេអ៊ែរ ដោយបន្ថែមថា អ៊ីរ៉ង់ត្រូវតែបញ្ឈប់សកម្មភាពដែលនាំឲ្យមានអស្ថិរភាពដល់តំបន់។
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ចង្អុលបង្ហាញពីការលំបាក ក្នុងការបង្ហាញការគាំទ្រ ចំពោះសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់ខ្លួន ដោយមិនគាំទ្រដោយផ្ទាល់ដល់ចំណាត់ការ ដើម្បីលុបបំបាត់ថ្នាក់ដឹកនាំរបស់ប្រទេសអធិបតេយ្យមួយ។
ជាមួយគ្នានេះ ជប៉ុនក៏ពឹងផ្អែកយ៉ាងខ្លាំងផងដែរលើប្រេង នៅតំបន់មជ្ឈិមបូព៌ា ដោយធ្វើឲ្យកាន់តែស្មុគស្មាញដល់សាររបស់រដ្ឋាភិបាលបន្ថែមទៀត៕


