កាលពីថ្ងៃអាទិត្យ (ទី១ ខែមីនា ឆ្នាំ២០២៦) សហភាពអឺរ៉ុប (EU) បានព្រមានកុំឲ្យមានសង្គ្រាមយូរអង្វែង នៅតំបន់មជ្ឈិមបូព៌ា ដោយលើកឡើងថា ការកើនឡើងនូវភាពតានតឹងបន្ថែមទៀត អាចគំរាមកំហែងដល់អឺរ៉ុប និងតំបន់ផ្សេងទៀត ខណៈដែលខ្លួនបានជំរុញឲ្យអ៊ីរ៉ង់បញ្ចៀសការសងសឹកដោយមិនរើសអើង បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ២៧ របស់ប្លុកនេះ ដែលភាគច្រើនជាសមាជិករបស់អង្គការណាតូ (NATO) បានធ្វើកិច្ចពិភាក្សាវិសាមញ្ញតាមរយៈអនឡាញ នៅថ្ងៃទី២ នៃការវាយប្រហារដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ខណៈដែលប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវឲ្យមាន «ការផ្លាស់ប្តូរដ៏គួរឲ្យទុកចិត្ត» នៅក្នុងប្រទេសនេះ។
អ្នកការទូតអឺរ៉ុបម្នាក់បាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះថា នាវាបារាំង ២គ្រឿង នឹងពង្រឹងបេសកកម្មកងទ័ពជើងទឹករបស់សហភាពអឺរ៉ុប នៅក្នុងសមុទ្រក្រហម ខណៈដែលការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ បានគំរាមកំហែងដល់ចរាចរណ៍ផ្លូវទឹក។

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយតំណាងឲ្យរដ្ឋជាសមាជិកបន្ទាប់ពីមានការពិភាក្សាថា «មជ្ឈិមបូព៌ានឹងខាតបង់យ៉ាខ្លាំងពីការមានសង្គ្រាមដែលអូសបន្លាយណាមួយ»។ លោកស្រីបានបន្ថែមថា៖ «ព្រឹត្តិការណ៍ដែលកំពុងកើតឡើង នៅក្នុងប្រទេសអ៊ីរ៉ង់ មិនត្រូវនាំឲ្យមានការកើនឡើង ដែលអាចគំរាមកំហែងដល់តំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងកន្លែងផ្សេងទៀត ដោយផលវិបាកមិនអាចទាយទុកជាមុនបាន ក្នុងនោះរួមទាំងនៅក្នុងវិស័យសេដ្ឋកិច្ចផងដែរ»។
បន្ទាប់ពីមានជំនួបតាមទូរស័ព្ទជាមួយមេដឹកនាំមជ្ឈិមបូព៌ាជាច្រើនរូប លោកស្រីបណ្ឌិត von der Leyen បានសរសេរនៅលើបណ្តាញសង្គមថា ការស្លាប់របស់លោក Ayatollah Ali Khamenei បានជំរុញឲ្យមាន «ក្តីសង្ឃឹមឡើងវិញសម្រាប់ប្រជាជនអ៊ីរ៉ង់» ប៉ុន្តែក៏មាន «ហានិភ័យពិតប្រាកដនៃការមានអស្ថិរភាព» ផងដែរ។
គួរបញ្ជាក់ថា សាធារណរដ្ឋឥស្លាមបានបើកការវាយប្រហារជុំថ្មី នៅទូទាំងឈូងសមុទ្រ កាលពីថ្ងៃទី១ ខែមីនា បន្ទាប់ពីបានប្ដេជ្ញាថា នឹងសងសឹកឲ្យមេដឹកនាំកំពូលរបស់ខ្លួន៕


