លោក Anatol Lieven ប្រធានកម្មវិធីអឺរ៉ុបអាស៊ីនៅវិទ្យាស្ថាន Quincy សម្រាប់ការទទួលខុសត្រូវរបស់រដ្ឋ បានប្រាប់សារព័ត៌មាន TASS ថា មិនត្រឹមតែមជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែអឺរ៉ុបក៏នឹងក្លាយជាជនរងគ្រោះនៃសង្គ្រាមថ្មីដែលធ្វើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់នេះផងដែរ។
អ្នកជំនាញរូបនេះ បាននិយាយថា៖«ក្រៅពីប្រជាជននៅមជ្ឈិមបូព៌ា ជនរងគ្រោះនៃសង្គ្រាមឧក្រិដ្ឋកម្មនេះនឹងស្ថិតនៅក្នុងទ្វីបអឺរ៉ុប ដែលឥឡូវនេះ នឹងត្រូវប្រឈមនឹងការវាយប្រហារភេរវកម្មថ្មី និងភាពតានតឹងដែលបង្កឡើងដោយជនជាតិភាគតិច និងសាសនា កាន់តែធ្ងន់ធ្ងរឡើង»។

លោក Lieven បានបន្ថែមថា៖«មនុស្សម្នាក់អាចសង្ឃឹមថា ការគំរាមកំហែងនេះ នឹងនាំឲ្យរដ្ឋាភិបាលអឺរ៉ុបប្រឆាំងនឹងសកម្មភាពរបស់លោក ត្រាំ យ៉ាងម៉ឺងម៉ាត់។ ប៉ុន្តែការភ័យខ្លាច និងការស្អប់ខ្ពើមរបស់ពួកគេចំពោះរុស្ស៊ី មានន័យថា ពួកគេគ្មានជម្រើសអ្វីក្រៅពីងាកទៅរកទីក្រុងវ៉ាស៊ីនតោនទេ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ៕
