
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ សាទនាល្ងាចថ្ងៃទី២៣ មីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យកសិកម្មកម្ពុជា គឺជាវិស័យអាទិភាពដែលធានាសន្តិសុខស្បៀងអាហារូបត្ថម្ភ និងការនាំចេ ញដែលចាំបាច់ត្រូវវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រវិស័យកសិកម្ម ប្រព័ន្ធធារាសាស្រ្ត ផ្លូវដឹកជញ្ជូន និងឡូជីស្ទិកឥណទានកសិកម្ម ការស្រាវជ្រាវ និងការអភិវឌ្ឍពូជថ្មីៗ ព្រម ទាំងការផ្សព្វផ្សាយបច្ចេកទេសទំនើបជាដើម។
ក្នុងបញ្ហានេះ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធនានា ត្រូវខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ក្រោមកិច្ចសម្របសម្រួលពីគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្នធន់នឹ ងការប្រែប្រួលអាកាសធាតុ និងមានចីរភាព។
សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា ឆ្នាំ២០២១កន្លងមក ទោះបីកម្ពុជាបានជួបប្រទះប្រឈមលើវិស័យជាច្រើនដែលបណ្ដាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ ប៉ុន្តែ បើតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បង្ហាញឱ្យឃើញថា វិស័យកសិកម្មកាលពីឆ្នាំ២០២១ កន្លងទៅ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ បរិមាណផលស្រូវសរុបសម្រេចបានជាង១២ លាន ២ សែនតោនកើនឡើងប្រមាណ ១១,៦ ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២០។ ការប្រើប្រាស់គ្រឿងយន្តសម្រាប់ភ្ជួររាស់មានរហូតដល់ ៩៩,៤២% និងអតិរេកស្រូវ មានចំនួនជាង៦លាន ៩សែន ៤ម៉ឺនតោន ឬគិតជាអង្ករស្មើនឹងប្រមាណ ៤លាន៤សែន ៤ម៉ឺនតោន។
ដំណាំសាកវប្បកម្មសម្រេចបានជាង៤ លាន ៣សែន ៦ម៉ឺនតោន និងដំណាំឧស្សាហកម្មសម្រេចបាន ១៩លានតោន។
ផលលិតកម្មសត្វដែលមានទ្រង់ទ្រាយជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្មកើនប្រមាណ១១,២% ធៀបទៅនឹងឆ្នាំ២០២០ ហើយធានាបាននូវការផ្គត់ផ្គង់សាច់ចំនួន ៨៧% ដោយឡែកតម្លៃនៃការនាំចេញផលិតផលក សិកម្មសរុបឆ្នាំ២០២១ មានប្រមាណ ៥ពាន់លានដុល្លារអាម៉េរិក មានកំណើន ២៥% ប្រៀបធៀបទៅនឹងការនាំចេញផលិតផលកសិកម្មកាលពីឆ្នាំ២០២០ ដែលក្នុងនោះការនាំចេញផលិតផលកៅស៊ូទទួលបានចំណូលជាង ៦១០ លានដុល្លារ កើនលើសឆ្នាំកន្លងទៅ៕ ដោយ៖ មុត សុទ្ធ